លោក Han Zheng អនុប្រធានរដ្ឋចិនបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោក Muti ប្រធានរដ្ឋសភាZambia និងលោក Philémon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩នៅក្រុងប៉េកាំងកាលពីថ្ងៃទី៣១ខែតុលា ។
ពេលជួបពិភាក្សាជាមួយលោក Muti លោក Han Zhengបានថ្លែងថា ប្រទេសចិនរីករាយធ្វើការជាមួយភាគីZambia ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការផ្តល់ការគាំទ្រគ្នាលើបញ្ហាពាក់ព័ន្ធផលប្រយោជន៍ជាស្នូលនិងក្តីកង្វាល់ដ៏សំខាន់របស់គូភាគី លើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការលើវិស័យនានាដូចជា ពាណិជ្ជកម្មនិងការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសុខាភិបាលជាដើម ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិង Zambia ឱ្យមានភាពកាន់តែស្អិតល្មួត។
ជាការឆ្លើយតប លោក Muti បានថ្លែងថា ប្រទេស Zambia ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ សូមថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃ របស់ប្រទេសចិនចំពោះភាគី Zambiaក្នុងរយៈយូរកន្លងមក Zambiaរីករាយបន្តជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងZambiaនិងចិនទទួលបានការអភិវឌ្ឍកាន់តែធំ។
ពេលជួបពិភាក្សាជាមួយលោក Philémon Yang លោក Han Zhengបានថ្លែងថា ប្រទេសចិនគាំទ្រតួនាទីជាស្នូលរបស់អង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិ ប្រទេសចិននឹងចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់និងកិច្ចកសាងនៃអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យប្រព័ន្ធអភិបាលកិច្ចសកលអភិវឌ្ឍតាមទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។
ជាការឆ្លើយតប លោក Philémon Yangបានថ្លែងថា ប្រទេសចិនគឺជាប្រទេសធំដ៏សំខាន់ដែលគាំទ្រអង្គការសហប្រជាជាតិ អង្គការសហប្រជាជាតិនឹងអនុលោមតាមសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ ។ អង្គការសហប្រជាជាតិរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីរួមចំណែកកាន់តែធំសម្រាប់ការគាំពារសន្តិភាពអន្តរជាតិនិងជំរុញការអភិវឌ្ឍរួម៕