នៅរសៀលថ្ងៃទី ៣១ តុលា ក្រសួងការពារជាតិចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។
មានអ្នកសារព័ត៌មានបានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា យោងតាមការវាយតម្លៃចុងក្រោយដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអាមេរិក( DIA ) បានបង្ហើបឱ្យដឹងថា ប្រទេសចិនកំពុងលើកកម្ពស់និងពង្រីកយ៉ាងឆាប់រហ័សនូវផែនការឃ្លាំងអាវុធនុយក្លេអ៊ែរជើងគោក ជើងទឹក និងជើងអាកាស ។ គិតត្រឹមខែមករាឆ្នាំ ២០២៤ ចំនួនសរុបក្បាលគ្រាប់មីស៊ីលនុយក្លេអ៊ែរនៅលើពិភពលោកបានកើនឡើងដល់ ១២១២១ គ្រាប់ ហើយសមត្ថភាពប្រយុទ្ធដោយនុយក្លេអ៊ែររបស់ចិន បានកើនឡើងយ៉ាងខ្លាំង ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ ?
លោក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិបានឆ្លើយតបថា ជានិច្ចកាល សហរដ្ឋអាមេរិកតែងតែបញ្ចាំងភ្លើងមើលតែអ្នកដទៃ ប៉ុន្តែមិនដែលឆ្លុះកញ្ចក់មើលខ្លួនឯងនោះទេ ។ សហរដ្ឋអាមេរិកមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតលើពិភពលោក និងប្រកាន់ខ្ជាប់គោលនយោបាយនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពនៃយុទ្ធសាស្ត្រសកល ។ ប្រទេសចិនប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវយុទ្ធសាស្ត្រនុយក្លេអ៊ែរប្រកបដោយលក្ខណៈស្វ័យការពារ និងបានធ្វើសន្យាយ៉ាងច្បាស់លាស់ថានឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេនោះឡើយ ។ ជានិច្ចកាល ប្រទេសចិនតែងតែរក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួននៅក្នុងកម្រិតអប្បបរមាដើម្បីបំពេញតម្រូវការការពារសន្តិសុខជាតិ ហើយក៏គ្មានចេតនាចូលរួមក្នុងការប្រណាំងប្រជែងអាវុធជាមួយប្រទេសណាមួយឡើយ៕