ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការដំឡើងពន្ធគយរបស់សហភាពអឺរុបចំពោះរថយន្តអគ្គិសនីរបស់ចិន គឺជាការដើរត្រឡប់ថយក្រោយរបស់ពាណិជ្ជកម្មសេរីសកល
2024-10-31 15:03:15cri
Share with:

      ដោយមិនអើពើនឹងការប្រឆាំងពីគ្រប់ភាគី  គណៈកម្មាធិការសហភាពអឺរ៉ុបបានចេញផ្សាយព័ត៌មាននៅថ្ងៃទី២៩ខែតុលាតាមម៉ោងក្នុងតំបន់ ដោយសម្រេចចិត្តថា នឹងយកពន្ធប្រឆាំងឧបត្ថម្ភធនចុងក្រោយរយៈពេល៥ឆ្នាំចំពោះរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនចាប់ពីថ្ងៃទី៣១ខែតុលាតទៅ។ ចំពោះលទ្ធផលនេះ  ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា មិនទទួលស្គាល់និងមិនទទួលយក  ហើយបានដាក់ពាក្យបណ្ដឹងក្រោមយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក។

      ហេតុអ្វីបានជាភាគីចិន“មិនទទួលស្គាល់និងមិនទទួលយក”? នេះគឺដោយសារតែទង្វើគ្រប់យ៉ាងរបស់ភាគីអឺរ៉ុបគឺ"មិនសមហេតុផលនិងមិនស្របតាមការកំណត់" គឺជាការអនុវត្ត"ការប្រកួតប្រជែងមិនស្មើភាព"ក្រោមស្លាក"ការប្រកួតប្រជែងដោយស្មើភាព"និងអនុវត្តគាំពារនិយមផ្នែកពាណិជ្ជកម្ម។ ទង្វើនេះនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការខាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់រវាងចិននិងអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យអ្នកប្រើប្រាស់អឺរ៉ុបចំណាយប្រាក់កាន់តែច្រើន  បំពុលបរិយាកាសវិនិយោគរបស់សហភាពអឺរ៉ុបនិងជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការធ្វើបដិវត្តកម្មបៃតងរបស់ខ្លួន  គឺជាទង្វើបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ។

      បើមើលពីស្រទាប់សេដ្ឋកិច្ច  ជាបឋម  គឺបង្ខូចដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មរថយន្ត ក៏ដូចជាផលប្រយោជន៍របស់សហគ្រាសផលិតរថយន្តនិងអ្នកប្រើប្រាស់របស់អឺរ៉ុប។ ធនាគារគំនិតRhodiumបស់អាមេរិកបានលើកឡើងថា ខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តសកលបានធ្វើការកែសម្រួល ដើម្បីសម្របខ្លួនទៅតាមបច្ចេកវិទ្យាថ្មីៗ ហើយការដាក់កំហិតលើការនាំចូលរថយន្តអគ្គិសនីរបស់ចិននឹងធ្វើឱ្យអឺរ៉ុបបាត់បង់ឱកាសសំខាន់ៗ ក៏ដូចជាអាចនឹងរារាំងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួន។ ក្រុមហ៊ុនBMWគ្រុបបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា  ទង្វើរបស់សហភាពអឺរុបមិនអាចបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបបានទេ  ផ្ទុយទៅវិញ វានឹងធ្វើឱ្យខូចខាតដល់សហគ្រាសដែលធ្វើអាជីវកម្មនៅទូទាំងពិភពលោក។

      លើសពីនេះទៀត  ទង្វើរបស់សហភាពអឺរុបក៏នឹងធ្វើឱ្យខូចខាតដល់ការធ្វើបដិវត្តកម្មបៃតងរបស់ខ្លួននិងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុសកលផងដែរ។ នាពេលបច្ចុប្បន្ន   សហភាពអឺរ៉ុបបានកំណត់គោលដៅសម្រាប់រដ្ឋសមាជិកចំនួន២៧ខ្លួនស្តីពីការសម្រេចបាននូវការកាត់បន្ថយការបញ្ចេញកាបូន៥៥ភាគរយនៅឆ្នាំ២០៣០និងសម្រេចបាននូវការបញ្ចេញកាបូនសូន្យនៅឆ្នាំ២០៥០។ប៉ុន្តែដោយសារការច្នៃប្រឌិតថ្មីមិនគ្រប់គ្រាន់ និងការចំណាយខ្ពស់ជាដើម ដំណើរការធ្វើបដិវត្តកម្មបៃតងរបស់សហភាពអឺរុបត្រូវបានរារាំង។ មជ្ឈដ្ឋានឧស្សាហកម្មរថយន្តយល់ឃើញថា  ប្រទេសចិនមានបច្ចេកវិទ្យាច្នៃប្រឌិតថ្មីដែលទាក់ទិននឹងការអភិវឌ្ឍបៃតង  ប្រសិនបើសហភាពអឺរ៉ុបផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិនក្នុងវិស័យរថយន្តអគ្គិសនី  នោះនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។

      បើមើលពីស្រទាប់កាន់តែស៊ីជម្រៅ  ទង្វើរបស់សហភាពអឺរ៉ុបនេះនឹងធ្វើឱ្យភាពបែកបាក់គ្នាផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរ និងបង់តម្លៃខាងនយោបាយ។ នាពេលបច្ចុប្បន្ននេះ  អឺរុបប្រឈមនឹងបញ្ហាជាច្រើនដូចជាអតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខថាមពល ការងើបឡើងនៃកម្លាំងពួកស្តាំនិយមនិងភាពប្រេះស្រាំក្នុងសង្គមកាន់តែធ្ងន់ធ្ងរ។ ជុំវិញការដំឡើងពន្ធគយចំពោះរថយន្តអគ្គិសនីរបស់ចិន  នៅផ្ទៃក្នុងសហភាពអឺរ៉ុបមានការខ្វែងគំនិត។លោកOrbanនាយករដ្ឋមន្រ្តីហុងគ្រី និងលោកScholzនាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានលើកឡើងម្តងហើយម្តងទៀតថា  ទង្វើនេះនឹងធ្វើឱ្យខូចខាតដល់កម្លាំងប្រកួតប្រជែងផ្ទាល់ខ្លួនរបស់សហភាពអឺរុប។ លោកAlexander Stubbប្រធានាធិបតីហ្វាំងឡង់បានលើកឡើងថា"យើងគួរជៀសវាងកុំចូលទៅក្នុងវដ្តដ៏អាក្រក់នៃការតម្លើងពន្ធគយនិងធ្វើឱ្យវិវាទពាណិជ្ជកម្មកាន់តែខ្លាំងឡើង"។

     អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា  ភាគីអឺរ៉ុបបានថ្លែងថា នឹងបន្តធ្វើកិច្ចចរចាជាមួយប្រទេសចិនស្តីពីកិច្ចសន្យាខាងតម្លៃ។ជានិច្ចកាល  ភាគីចិនតែងតែផ្តួចផ្តើមឱ្យដោះស្រាយវិវាទពាណិជ្ជកម្មតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ហើយសង្ឃឹមថា  សហភាពអឺរុបនឹងដើរស្របតាមទិសដៅដូចគ្នាជាមួយចិន  គិតគូរពីទុក្ខកង្វល់រៀងៗខ្លួន និងឈានដល់ដំណោះស្រាយដែលភាគីទាំងពីរសុទ្ធតែអាចទទួលយកបានក្នុងពេលឆាប់ៗ។ ពួកគេត្រូវស្តាប់សំឡេងប្រកបដោយវិចារណញ្ញាណនៅផ្ទៃក្នុងនិងការទាមទារពិតប្រាកដរបស់សហគ្រាស៖"យើងមិនត្រូវការពន្ធគយទេ យើងត្រូវការក្បួនច្បាប់ពាណិជ្ជកម្មដ៏យុត្តិធម៌"៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស