យានអវកាស Shenzhou-១៩ ត្រូវបានបាញ់បង្ហោះដោយជោគជ័យនៅវេលាម៉ោង ៤:២៧ ថ្ងៃទី ៣០ ខែតុលា ដោយបានបញ្ជូនអវកាសយានិក ៣ រូប គឺលោក Cai Xuzhe, លោក Song Lingdong និងអ្នកនាង Wang Haoze ចូលទៅក្នុងលំហអវកាសដោយជោគជ័យ។
នៅវេលាម៉ោង ១១ ព្រឹកថ្ងៃដដែលនោះ យានអវកាស Shenzhou-១៩ និងស្ថានីយអវកាសរបស់ចិនបានតភ្ជាប់គ្នាដោយស្វ័យប្រវិត្តនិងឆាប់រហ័ស ហើយអវកាសយានិកទាំងពីរក្រុមបានជួបជុំគ្នាក្នុងលំហអវកាស នេះជាការជួបជុំគ្នាក្នុងអវកាសលើកទី ៥ ក្នុងប្រវត្តិសាស្ត្រយានអវកាសផ្ទុកមនុស្សរបស់ប្រទេសចិន។
បន្ទាប់មក អវកាសយានិកទាំង ៦ រូបនឹងធ្វើការនិងរស់នៅជាមួយគ្នានៅក្នុងស្ថានីយអវកាសរយៈពេលប្រហែល ៥ ថ្ងៃ ហើយផ្លាស់វេននៅលើគន្លងតារាវិថី ។