ជាការឆ្លើយតបចំពោះការដែលគណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាសលទ្ធផលចុងក្រោយនៃការស៊ើបអង្កេតអំពីការប្រឆាំងនឹងឧបត្ថម្ភកធនចំពោះរថយន្តអគ្គិសនីរបស់ប្រទេសចិន សភាពាណិជ្ជកម្មចិននៃពាណិជ្ជកម្មនាំចេញនាំចូលផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៣០ខែតុលា ដោយសម្តែងការសោកស្តាយយ៉ាងខ្លាំងក្នុងនាមអ្នកប្រកបរបររថយន្តរបស់ចិន ហើយលើកឡើងថានឹងការពារយ៉ាងប្រាកដប្រជានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃមុខរបររថយន្តអគ្គិសនី និងសហគ្រាសរបស់ប្រទេសចិន តាមរយៈវិធីសាស្រ្តតាមផ្លូវច្បាប់ផ្សេងៗ។
បច្ចុប្បន្ននេះ ក្រុមបច្ចេកទេសរបស់ចិន និងសហភាពអឺរ៉ុបកំពុងធ្វើការពិគ្រោះពិភាក្សាក្នុងដំណាក់កាលថ្មី។ សភាពាណិជ្ជកម្មចិននៃពាណិជ្ជកម្មនាំចេញនាំចូលផលិតផលគ្រឿងយន្តនិងអេឡិចត្រូនិកបានថ្លែងថា សង្ឃឹមថាភាគីអឺរ៉ុបនឹងបង្ហាញពីភាពស្មោះត្រង់បំផុតរបស់ខ្លួនក្នុងការពិគ្រោះពិភាក្សា និងឈានដល់ដំណោះស្រាយប្រកបដោយតុល្យភាពដែលភាគីទាំងពីរអាចទទួលយកបានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលស្របតាមគោលការណ៍នៃ "ភាពជាក់ស្តែង និងតុល្យភាព"៕