រសៀលថ្ងៃទី២៩ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចជំនួបជាមួយលោក Stubb ប្រធានាធិបតីហ្វាំងឡង់ដែលមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងថា ប្រទេសហ្វាំងឡង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសលោកខាងលិចដែលបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិនមុនគេ ហើយក៏ជាប្រទេសលោកខាងលិចដំបូងគេដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តររដ្ឋាភិបាលជាមួយប្រទេសចិនដែរ។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ចិននិងហ្វាំងឡង់រួមរស់ដោយសុខដុមនីយកម្ម គោរពគ្នានិងផ្តល់ទំនុកចិត្តដល់គ្នាទៅវិញទៅមកជារហូត បានបង្កើតជាគំរូនៃទំនាក់ទំនងប្រកបដោយសមភាពរវាងប្រទេសនិងប្រទេសដែលមានប្រវត្តិសាស្រ្ត វប្បធម៌និងប្រព័ន្ធច្បាប់ខុសគ្នា។ ប្រទេសចិនរីករាយរួមជាមួយប្រទេសហ្វាំងឡង់បង្កើនកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ផ្សព្វផ្សាយនិងបន្តវេនមិត្តភាពប្រពៃណី ជំរុញឱ្យទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការបែបថ្មីដែលឈានទៅថ្ងៃអនាគតវាងចិននិងហ្វាំងឡង់វិវឌ្ឍទៅមុខថែមមួយកម្រិតទៀត ផ្តល់ផលប្រយោជន៍កាន់តែល្អដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកថ្មីដល់សន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។ ប្រទេសចិនរីករាយពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាមួយប្រទេសហ្វាំងឡង់ សម្រេចចិត្តដាក់បញ្ចូលប្រទេសហ្វាំងឡង់ទៅក្នុងក្របខណ្ឌលើកលែងទិដ្ឋការដោយឯកតោភាគី។
ជាការឆ្លើយតប លោក Stubb បានថ្លែងថា រយៈពេល៧៤ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតកន្លងមក ប្រទេសហ្វាំងឡង់និងចិនគោរពគ្នាទៅវិញទៅមក ស្មោះស្ម័គ្រនឹងគ្នា និងធ្វើការសន្ទនាដោយសមភាព ទំនាក់ទំនងទ្វេភាគីបានរក្សាការអភិវឌ្ឍដ៏ល្អប្រសើរ វិស័យកិច្ចសហប្រតិបត្តិការបន្តពង្រីក បានទទួលសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើន ។ ហ្វាំងឡង់ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ រីករាយជាមួយប្រទេសចិនអបអរសាទរខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយ ធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពជិតស្និទ្ធ ពង្រីកការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ថាមពលបៃតង និងការអភិវឌ្ឍជានិរន្តរភាពជាដើម៕