លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៨ខែតុលា មានអ្នកសារព័ត៌មានបានលើកសំណួរថា ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែតុលា ប្រទេសចិននិងប្រទេសឡាវដែលជាប្រធានផ្លាស់វេនអាស៊ានបានសហការរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងអាវុធជីវសាស្រ្តនិងសន្តិសុខ
ជីវសាស្រ្តនៃតំបន់អាស៊ីអាគ្នេយ៍នៅក្រុងShenzhenប្រទេសចិន តើអ្នកនាំពាក្យអាចជួយពន្យល់ពីស្ថានការណ៍ពាក់ព័ន្ធបានទេ?
ទាក់ទងនឹងរឿងនេះ លោក Lin Jianបានថ្លែងថា វាគឺជាលើកដំបូងហើយដែលប្រទេសចិននិងប្រទេសអាស៊ីអាគ្នេយ៍បានសហការរៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងអាយុធជីវសាស្រ្តនិងសន្តិសុខជីវសាស្រ្ត ។ កិច្ចប្រជុំនេះទទួលបានសមិទ្ធផលជាវិជ្ជមាន ប្រទេសចិននិងឡាវដែលជាប្រធានផ្លាស់វេនអាស៊ានបានប្រកាសពីការបូកសរុបសមិទ្ធផលរបស់សហប្រធាន ដែលរួមមានគំនិតឯកភាពរួមសំខាន់ៗចំនួន៤ដូចខាងក្រោម៖
ទី១ បង្កើនការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមក ជំរុញការធ្វើទំនើបកម្មនវប្រព័ន្ធនៃការកសាងអភិបាលកិច្ចនិងសមត្ថភាពអភិបាលកិច្ចផ្នែកសន្តិសុខជីវសាស្រ្តរបស់បណ្តាប្រទេសនានា។
ទី២ ប្រមូលផ្តុំគំនិតឯកភាពរួមផ្នែកនយោបាយ រួមគ្នាដោះស្រាយហានិភ័យខាងសន្តិសុខជីវសាស្រ្ត ជំរុញឱ្យបច្ចេកវិទ្យាជីវសាស្រ្តផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ។
ទី៣ ធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ពង្រឹង«អនុសញ្ញាស្តីពីការហាមឃាត់ អាវុធជីវសាស្រ្ត »គាំទ្រអង្គការអន្តរជាតិនិងអង្គការតំបន់ពាក់ព័ន្ធឱ្យផ្តល់ផលិតផលសាធារណៈកាន់តែច្រើន។
ទី៤ ពិភាក្សានិងស្វែងរកប្រតិបត្តិការជំហានក្រោយ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសម្របសម្រួលនិងកិច្ចសហការក្នុងតំបន់តាមរយៈមធ្យោបាយផ្សេងៗដូចជាការរៀបចំសិក្ខាសាលាតាមកាលកំណត់ជាដើម៕