កាលពីថ្ងៃទី២៨ ខែតុលា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកយកព័ត៌មានសួរថា ថ្មីៗនេះកាសែត Wall Street Journal អាមេរិកបានចុះផ្សាយអត្ថបទថា បណ្តាប្រទេសលោកខាងលិចសម្គាល់ឃើញថា ប្រទេសចិនកំពុងធ្វើសកម្មភាពចារកម្មក្នុង"ទ្រង់ទ្រាយធំដែលមិនធ្លាប់មានកាលពីមុន" ដើម្បីបំផ្លាញប្រទេសជាគូប្រជែង និងជំរុញការស្តារសេដ្ឋកិច្ចរបស់ចិន ចំណែកទីភ្នាក់ងារចារកម្មលោកខាងលិចមិនអាចទប់ស្កាត់សកម្មភាពរបស់ចិនបានទេ។ តើភាគីចិនឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?
សំដៅចំពោះករណីនេះ លោក Lin Jian បានឆ្លើយថា មួយរយៈពេលកន្លងមកនេះ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួនតូច បានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីសកម្មភាពចារកម្មរបស់ប្រទេសចិន ដោយគ្មានបង្ហាញការពិត ឬភស្តុតាងណាមួយឡើយ។
ផ្ទុយទៅវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក បានបង្ហោះសារជាចំហតាមបណ្តាញទំនាក់ទំនងសង្គម នូវសេចក្តីណែនាំអំពីការសុំចូលរួមទៅតាមបណ្តាញអ៊ីនធើណែតភាសាចិន ក្នុងគោលបំណងទាក់ទាញបុគ្គលិកចិនឱ្យជាមួយ CIA នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិរបស់ប្រទេសចិន។ ហើយចិនប្រឆាំងតវ៉ាយ៉ាងខ្លាំងចំពោះរឿងនេះ។ ប្រទេសចិននឹងបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើសកម្មភាពជ្រាបចូល និងការបំផ្លិចបំផ្លាញរបស់កម្លាំងប្រឆាំងចិននៅក្រៅប្រទេស ហើយការពារប្រកបដោយប្រសិទ្ធភាពនូវអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន៕