លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានលើកឡើងក្នុងពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែតុលាថា ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់"ឯករាជ្យ" គឺជាសត្រូវនៃសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។ ចាប់តាំងពីអាជ្ញាធររបស់បុគ្គល Lai Ching-te ឡើងកាន់អំណាចមក ក៏ប៉ុនប៉ងចង់ "ពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីស្វែងរកឯករាជ្យ" និង "ប្រើកម្លាំងអាវុធដើម្បីស្វែងរកឯករាជ្យ" ដោយបានបង្កើនការប្រឆាំងនិងការប្រឈមមុខដាក់គ្នារវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាបន្តបន្ទាប់។ យើងព្រមានទៅអាជ្ញាធរ Lai Ching-te ថា ការទិញអាវុធមិនអាចទិញបានសន្តិសុខទេ ផ្ទុយទៅវិញ វានឹងធ្វើឱ្យតំបន់តៃវ៉ាន់កាន់តែគ្រោះថ្នាក់ ។ ការបង្រួបបង្រួមជាតិ គឺជាភាពចាំបាច់ក្នុងប្រវត្តិសាស្ត្រ សកម្មភាពអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់"ឯករាជ្យ" និងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅមិនអាចរារាំងនិន្នាការទូទៅ ហើយក៏មិនអាចធ្វើឱ្យរង្គោះរង្គើការប្តេជ្ញាចិត្ត និងឆន្ទៈរបស់យើងក្នុងការដោះស្រាយបញ្ហាតៃវ៉ាន់របស់ប្រទេសចិន និងសម្រេចបាននូវការបង្រួបបង្រួមជាតិបានទេ។
លោកស្រី Zhu Fenglian បានថ្លែងបន្តថា យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការដែលសហរដ្ឋអាមេរិកលក់អាវុធទៅឱ្យតំបន់តៃវ៉ាន់នៃប្រទេសចិន ហើយដាស់តឿនឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីប្រកាសរួមទាំងបីរវាងចិននិងអាមេរិក ជាពិសេសសេចក្តីប្រកាស " ១៧ សីហា" ហើយបញ្ឈប់ការបំពាក់អាវុធឱ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន និងបញ្ឈប់ការបញ្ជូនសញ្ញាខុសឆ្គងណាមួយទៅកាន់កម្លាំងអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ "ឯករាជ្យ" ៕