ថ្ងៃទី ២៤ ខែតុលាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក ” ដែលបើកធ្វើនៅទីក្រុងKazan ប្រទេសរុស្ស៊ី ។ លោកបានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្រោមចំណងជើងថា « ប្រមូលផ្តុំកម្លាំងចលករដ៏ខ្លាំងក្លានៃ “សកលខាងត្បូង” រួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ»។
លោក Xi Jinping បានលើកឡើងថា ការងើបឡើងជាក្រុមនៃប្រទេសសកលខាងត្បូង ជានិមិត្តសញ្ញាដ៏ច្បាស់លាស់នៃការប្រែប្រួលនិម្មបនកម្មនៃសកលលោក។ ការដែលប្រទេសសកលខាងត្បូងឆ្ពោះទៅរកទំនើបកម្ម ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោកផង ហើយក៏ជាហេតុការណ៍ដ៏អស្ចារ្យដែលមិនធ្លាប់មានក្នុងដំណើរការអរិយធម៌នៃមនុស្សជាតិផងដែរ ។ ព្រមជាមួយគ្នានេះ សន្តិភាពនិងវឌ្ឍនភាពសកលនៅតែប្រឈមនឹងបញ្ហាដ៏ម៉ឺងម៉ាត់ មាគ៌ាស្តារឡើងវិញនៃសកលខាងត្បូងមិនងាយស្រួលឡើយ។ ក្នុងនាមជាក្រុមឈានមុខនៃសកលខាងត្បូង “ BRICS បូក ” គួរបង្ហាញពីតម្រិះប្រាជ្ញានិងកម្លាំងជាសមូហភាព ដើម្បីរ៉ាប់រងទំនួលខុសត្រូវជាសំខាន់ក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
លោកXiJinpingបានសង្កត់ធ្ងន់ថា យើងត្រូវស្តារការអភិវឌ្ឍឡើងវិញ ដើម្បីសម្រេចបាននូវភាពរុងរឿងជាទូទៅ។យើងត្រូវធ្វើជាកម្លាំងដ៏រឹងមាំនៃការអភិវឌ្ឍរួម ចូលរួមយ៉ាងសកម្មនិងដឹកនាំកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសេដ្ឋកិច្ចសកល ព្រមទាំងជំរុញការចាត់ទុកការអភិវឌ្ឍជាស្នូលក្នុងរបៀវារៈសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ។៣ឆ្នាំបន្ទាប់ពីការលើកឡើងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល យើងបានបំផុសឱ្យមានការវិនិយោគប្រាក់ទុនអភិវឌ្ឍន៍ក្នុងទំហំជិត២០ប៊ីលានដុល្លារអាមេរិក ត្រូវជាជាង១១០០គម្រោង។មជ្ឈមណ្ឌលសម្ព័ន្ធភាពវៃឆ្លាតសិប្បនិមិត្តផ្នែកឧស្សាហកម្មនិងកម្មន្តសាលត្រូវបានបង្កើតឡើងទីក្រុងសៀងហៃ ភាគីចិននឹងកសាងវេទិកាសហប្រតិបត្តិការតាមអនឡាញស្តីពី “ពន្ធគយវៃឆ្លាត”សកលនិងមជ្ឈមណ្ឌលគំរូផ្នែកគយរបស់ប្រទេសBRICS ហើយស្វាគមន៍ប្រទេសនានាចូលរួមយ៉ាងសកម្ម។
លោក Xi Jinping បានគូសបញ្ជាក់ថា យើងត្រូវតែរួមគ្នាអភិវឌ្ឍអរិយធម៌និងសម្រេចបាននូវភាពពិពិធកម្មនិងភាពសុខដុមរមនា ។ យើងត្រូវធ្វើជាកម្លាំងចលករសម្រាប់ការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក បង្កើនការប្រាស្រ័យទាក់ទង និងការសន្ទនា និងគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រកាន់យកនូវមាគ៌ាទំនើបភាវូបនីយកម្មដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។ ប្រទេសចិននឹងនាំមុខក្នុងការបង្កើតសម្ព័ន្ធសហប្រតិបត្តិការ ធនាគារគំនិតសកលខាងត្បូង ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជននិប្រជាជននិងការរៀនសូត្របទពិសោធអភិបាលកិច្ចជាតិទៅវិញទៅមក ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា សន្និសីទពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការចាត់ចែងរៀបចំជាប្រព័ន្ធ ចំពោះការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត ដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ដែលចាំបាច់នឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនដល់សកលលោក។ មិនថាសភាពការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ ក៏ប្រទេសចិនយកចិត្តទុកដាក់លើសកលខាងត្បូងជានិច្ច ចាក់ឬសក្នុងសកលខាងត្បូងជានិច្ច ហើយគាំទ្រប្រទេសសកលខាងត្បូងចំនួនកាន់តែច្រើនចូលរួមក្នុងការកសាងបុព្វហេតុប្រទេស BRICS ប្រមូលផ្តុំនូវកម្លាំងចលករដ៏ខ្លាំងក្លានៃសកលខាងត្បូង ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ។
លោក ភូទីន ប្រធានាធិបតីរុស្ស៊ីធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំ។ លោកAbdel-Fattah al-Sisi ប្រធានាធិបតីអេហ្ស៊ីប លោកMasoud Pezeshkianប្រធានាធិបតីអ៊ីរ៉ង់ លោកCyril Ramaphosaប្រធានាធិបតីអាហ្វ្រិកខាងត្បូង និងតំណាងប្រទេសប្រេស៊ីល ឥណ្ឌា អេមីរ៉ាអារ៉ាប់រួម អារ៉ាប៊ីហ្សាអូឌីត អេត្យូពី , ថ្នាក់ដឹកនាំឬតំណាងចំនួន២៥ នាក់នៃប្រទេសដែលត្រូវអញ្ជេីញចូលរួមជាកិត្តិយស ព្រមទាំងអ្នកទទួលខុសត្រូវនៃអង្គារអន្តរជាតិចំនួន៦នាក់ដូចជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ទេសភិបាលធនាគារអភិវឌ្ឍន៍ថ្មីជាដើមមានវត្តមានក្នុងកិច្ចប្រជុំនេះ៕