ថ្ងៃទី២៣ខែតុលាឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលប្រទេសBRICSនៅទីក្រុងKazanប្រទេសរុស្ស៊ី។
លោក Xi Jinping បានថ្លែងថា ប្រទេសចិននិងឥណ្ឌាគួរបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ទំនុកចិត្តខាងយុទ្ធសាស្ត្រទៅវិញទៅមក ជួយជ្រោមជ្រែងគ្នាដើម្បីសម្រេចបាននូវក្តីសុបិនរៀងៗខ្លួន។ភាគីទាំងពីរក៏ត្រូវរ៉ាប់រងទំនួលខុសត្រូវអន្តរជាតិផងដែរដើម្បីធ្វើជាគំរូនៃសាមគ្គីភាពនិងការអភិវឌ្ឍដោយម្ចាស់ការសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីរួមចំណែកក្នុងការជំរុញពហុប៉ូលនៃសកលលោកនិងប្រជាធិបតេយ្យនីយកម្មក្នុងទំនាក់ទំនងអន្តរជាតិ។
ជាការឆ្លើយតប លោក Modi បានថ្លែងថា ការដែលទំនាក់ទំនងឥណ្ឌានិងចិនរក្សាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពគឺមានសារសំខាន់ខ្លាំងចំពោះប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរដែលទាក់ទងនឹងសុខុមាលភាពនិងអនាគតរបស់ប្រជាជនចំនួន២៨០០លាននាក់ ហើយក៏មានសារសំខាន់ខ្លាំងចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់រហូតដល់ពិភពលោកទាំងមូលផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍចម្រើនដ៏សំខាន់នៃការដោះស្រាយបញ្ហាពាក់ព័ន្ធស្តីពីតំបន់ព្រំដែនតាមរយៈការប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់រវាងភាគីទាំងពីរ។
ភាគីទាំងសងខាងបានឯកភាពគ្នាដោះស្រាយទំនាក់ទំនងចិននិងឥណ្ឌក្នុងកម្រិតយុទ្ធសាស្ត្រនិងចក្ខុវិស័យយូរអង្វេង ដើម្បីរួមចំណែកយ៉ាងសកម្មសម្រាប់សន្តិភាពនិងវិបុលភាពពិភពលោកនិងការជំរុញពហុប៉ូលនៃសកលលោក៕