ថ្ងៃទី ២២ ខែតុលា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ភាគីចិននឹងធ្វើឱ្យប្រសើរឡើងថែមទៀតនូវគោលនយោបាយនិងវិធានការដូចជាការលើកលែងទិដ្ឋាការជាដើម ដើម្បីលើកកម្ពស់យ៉ាងសកម្មនូវការផ្តល់ភាពយស្រួលសម្រាប់ជនបរទេសដែលធ្វើដំណើរមកចិនឬស្នាក់នៅចិន។
នៅក្នុងសន្និសីទកាសែតជាប្រចាំនាថ្ងៃដដែល មានអ្នកសារព័ត៌មានសួរថា ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានមួយចំនួនដូចជាទូរទស្សន៍ព័ត៌មានអឺរ៉ុបរបស់បារាំង កាសែតLianhezaobao របស់សិង្ហបុរីជាដើមបានវាយតម្លៃថា ចិនបានប្រើគោលនយោបាយលើកលែងទិដ្ឋាការមួយចំនួន ដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងដល់ភ្ញៀវទេសចរបរទេសក្នុងការធ្វើដំណើរទៅចិន ហើយភ្ញៀវទេសចរបរទេសយ៉ាងច្រើនក៏នាំគ្នាទៅទស្សនាប្រទេសចិនផងដែរ។ តើអ្នកនាំពាក្យមានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?
លោក Lin Jian បានលើកឡើងថា រីករាយណាស់ដោយបានមើលឃើញថា ដំណើរទេសចរណ៍នៅចិនមានភាពពេញនិយមយ៉ាងខ្លាំងបែបនេះ។ ភ្ញៀវទេសចរបរទេសមានការពេញចិត្តក្នុងការធ្វើដំណើរមកចិន ប្រការនេះឃ្លាតមិនឆ្ងាយពីការដែលប្រទេសចិនបានចាត់វិធានការផ្តល់ភាពងាយស្រួលមួយចំនួនដល់ជនបរទេសដែលធ្វើដំណើរមកដល់ចិន ដូចជាការពង្រីកក្របខ័ណ្ឌនៃប្រទេសដែលត្រូវលើកលែងទិដ្ឋាការជាដើម។ បច្ចុប្បន្ននេះ ពេលវេលារង់ចាំនៅច្រកត្រួតពិនិត្យសម្រាប់ភ្ញៀវទេសចរបរទេសចូលដែនត្រូវបានបង្រួញខ្លីថែមទៀត ការធ្វើដំណើរកម្សន្ត ការរស់នៅនិងធ្វើការនៅចិនកាន់តែមានផាសុកភាព។ យើងនឹងបន្តធ្វើឱ្យប្រសើរឡើងថែមទៀតនូវគោលយោបាយនិងវិធានការពាក់ព័ន្ធដើម្បីលើកកម្ពស់យ៉ាងសកម្មនូវការផ្តល់ភាពងាយស្រួលសម្រាប់ជនបរទេសដែលធ្វើដំណើរមកចិន។ ទ្វាររបស់ចិននឹងបើកធំទូលាយជានិច្ច ដើម្បីរង់ចាំវត្តមានរបស់អ្នកទាំងអស់គ្នា!