ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទុនបរទេសនិងសហគ្រាសបរទេសនឹងទទួលបានឱកាសថ្មីកាន់តែច្រើននៅប្រទេសចិន
2024-10-22 15:11:30cri
Share with:

មួយរយៈពេលកន្លងទៅនេះ សហគ្រាសទុនបរទេសនិងប្រព័ន្ធសារព័ត៌មានបរទេសផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះគោលនយោបាយបន្ថែមមួយចំនួនដែលដាក់ចេញដោយប្រទេសចិន ដោយសម្គាល់ថា នេះជា ឱសថជំនួយសម្រាប់ជំរុញឱ្យសេដ្ឋកិច្ចចិនរីកចម្រើនទៅកាន់កម្រិតថ្មីទៀត ។

តាមការគណនាជាជំហានដំបូងឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដើមឆ្នាំនេះរបស់ចិនបានលើសពី៩៤ទ្រីលានយាន់ប្រាក់ចិន ដែលកើនឡើង៤,៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុនដោយគិតតាមតម្លៃថេរ ។ ល្បឿនកំណើននេះទទួលបានដោយមិនងាយទេ ។ ចាប់តាំងពីចូលឆ្នាំនេះមក បរិយាកាសម៉ាក្រូមានភាពស្មុគស្មាញនិងបម្រែបម្រួលយ៉ាងខ្លាំង ហើយកម្លាំងសម្ពាធខាងក្រៅបានកើនឡើងជាបន្តបន្ទាប់ ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចចិនស្ថិតនៅដំណាក់កាលគន្លឹះនៃការកែសម្រួលរចនាសម្ព័ន្ធ ប៉ុន្តែសេដ្ឋកិច្ចចិនបានទប់ទល់នឹងកម្លាំងសម្ពាធ    ប្រសិទ្ធភាពនៃគោលនយោបាយបានរំលេចចេញជាបន្តបន្ទាប់ សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗបានលេចចេញបម្រែបម្រួលវិជ្ជមាន និងរក្សានិន្នាការដែលដំណើរការដោយនឹងនរ ក៏ដូចជាបង្ហាញពីភាពធន់និងសក្តានុពលដ៏ខ្លាំងក្លា ។

បើមើលពីសន្ទស្សន៍ម៉ាក្រូធំទាំងបួនគឺកំណើន ឱកាសការងារ អតិផរណានិងសមតុល្យនៃការទូទាត់អន្តរជាតិ អាចឃើញថា សេដ្ឋកិច្ចចិននៅតែដំណើរការយ៉ាងនឹងនរដដែល ហើយការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ក៏បានបោះជំហានទៅមុខប្រកបដោយភាពរឹងមាំដែរ ។ ជាពិសេស ចាប់តាំងពីចុងខែកញ្ញាមក ទន្ទឹមនឹងការពន្លឿនការដាក់ចេញគោលនយោបាយបន្ថែមមួយចំនួន បានធ្វើឱ្យជំនឿចិត្តក្នុងទីផ្សារកាន់តែខ្លាំងឡើង។

បម្រែបម្រួលនេះក៏បានបង្ហាញលើសកម្មភាពដែលសហគ្រាសទុនបរទេសធ្វើអាជីវកម្មឱ្យកាន់តែស៊ីជម្រៅនៅប្រទេសចិនដែរ ។ ក្រុមហ៊ុនទាំងនេះបានយល់ឃើញថា ចំពោះប្រទេសចិនដែលជាទីផ្សារដ៏ធំមួយនេះ មិនត្រឹមតែត្រូវបោះជំហានចូលប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវ រួមបញ្ចូលដែរ ពោលគឺឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ធ្វើឱ្យទីផ្សារចិនក្លាយជាទីផ្សារធំសម្រាប់ការចែករំលែកជាមួយពិភពលោក ។

បើនិយាយចំពោះសហគ្រាសទុនបរទេស ចិនមិនត្រឹមតែជាទីផ្សារលក់ដូរដ៏ធំមួយប៉ុណ្ណោះទេ ហើយកាន់តែជាវេទិកាដ៏ធំនៃការច្នៃប្រឌិតថ្មីឈានមុខដែរ ។ ទន្ទឹមនឹងកម្លាំងផលិតកម្មគុណភាពថ្មីកកើតឡើងយ៉ាងឆាប់រហ័ស នៅបីត្រីមាសដើមឆ្នាំនេះ ល្បឿនកំណើននៃតម្លៃបន្ថែមនៃផលិតកម្មកម្មន្ដសាលបច្ចេកទេសខ្ពស់ដែលមានទ្រង់ទ្រាយធំនិងមធ្យមរបស់ចិនគឺខ្ពស់ជាងល្បឿនកំណើននៃឧស្សាហកម្មដែលមានទ្រង់ទ្រាយធំនិងមធ្យម៣,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការផលិតនិងប្រើប្រាស់អគ្គិសនីដើរដោយថាមពលខ្យល់ អគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរនិងអគ្គិសនីដើរដោយថាមពលប្រព័ន្ធ PV ជាដើមក៏បានរក្សាកំណើនឆាប់បង្គួរដែរ ។ 

ទន្ទឹមនឹងការពន្លឿនការអនុវត្តវិធានការបើកទូលាយមួយចំនួនដែលរៀបចំចាត់ចែងដោយកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ សហគ្រាសទុនបរទេសនឹងទទួលកាលានុវត្តភាពថ្មីកាន់តែច្រើនសម្រាប់ធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិននិងទទួលផលប្រយោជន៍នៅប្រទេសចិន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស