តបតាមការអញ្ជើញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃទី ១៩ ខែតុលា លោក Han Zheng តំណាងពិសេសរបស់លោក Xi Jinping ប្រធានរដ្ឋចិននិងជាអនុប្រធានរដ្ឋចិនបានអញ្ជើញទៅកាន់ឥណ្ឌូណេស៊ីដើម្បីចូលរួមពិធីចូលកាន់មុខតំណែងជាប្រធានាធិបតីថ្មីរបស់លោក Prabowo Subianto ដែលធ្វើឡើងនៅថ្ងៃទី ២០ ខែតុលានេះព្រមទាំងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ។ នៅថ្ងៃដដែលនោះ លោក Han Zheng បានជួបពិភាក្សាការងារជាមួយលោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីនៅទីក្រុងហ្សាការតា ។
ថ្លែងក្នុងកិច្ចជំនួប លោក Han Zheng បានលើកឡើងថា ប្រទេសចិនរីករាយធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសឥណ្ឌូណេស៊ី រួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ប្រកបដោយគុណភាពខ្ពស់ ដំណើរការឱ្យបានល្អនូវគម្រោងសហប្រតិបត្តិការសំខាន់ៗដូចជា ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុងជាដើមដើម្បីបន្តចារទំព័រថ្មីនៃការបង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
ជាការឆ្លើយតប លោក Joko Widodo បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការអភិវឌ្ឍន៍នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងឥណ្ឌូណេស៊ីនិងចិនមានសភាពល្អប្រសើរ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទទួលបានលទ្ធផលជាផ្លែផ្កា ។ ឥណ្ឌូណេស៊ីយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន ជឿជាក់ថា ក្រោមការដឹកនាំនៃរដ្ឋាភិបាលអាណត្តិថ្មីរបស់ឥណ្ឌូណេស៊ី ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងឡើងដល់កម្រិតថ្មីទៀតជាបន្តបន្ទាប់ ៕