ថ្ងៃទី ១៨ ខែតុលា អ្នកនាំពាក្យនៃក្រសួងការពារជាតិរបស់កូរ៉េខាងជើងបានថ្លែងថា ឆ្លងតាមរយៈការពិនិត្យភស្តុតាងជាក់ស្តែងនិងការស៊ើបអង្កេត កូរ៉េខាងជើងបានបញ្ជាក់ថា ករណីដែលយន្តហោះដ្រូនហោះចូលដែនអាកាសនៃក្រុងព្យុងយ៉ាង គឺបញ្ជាដោយផ្នែកយោធារបស់កូរ៉េខាងត្បូង ។
ភាគីកូរ៉េខាងជើងបានថ្លែងថា ពិតមែនតែផ្នែកយោធាកូរ៉េខាងត្បូងដោះសានិងច្រានចោលទំនួលខុសត្រូវម្តងហើយម្តងទៀតក៏ដោយ ក៏ប៉ុន្តែភស្តុតាងជាក់ស្តែងនិងការវិភាគបែបវិទ្យាសាស្ត្របានបញ្ជាក់ថា កូរ៉េខាងត្បូងបានអនុវត្តទង្វើបដិបក្ខគ្នា ដើម្បីបង្ករឿងនិងរំលោភលើអធិបតេយ្យភាពរបស់កូរ៉េខាងជើង ។
ក្រសួងការពារជាតិនិងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនកូរ៉េខាងជើងបានចេញបទបញ្ជាទៅកាន់កងទ័ពទាំងអស់ដែលស្ថិតនៅក្រុងព្យុងយ៉ាងនិងតំបន់តាមព្រំដែនឱ្យបង្កើនការដាក់ពង្រាយប៉ុស្តិ៍យាមល្បាតនិងឃ្លាំមើល ។
អ្នកនាំពាក្យនៃក្រសួងការពារជាតិកូរ៉េខាងជើងបានចេញការព្រមានថា ខណៈពេលបានរកឃើញនិងបញ្ជាក់ម្តងទៀតថា កូរ៉េខាងត្បូងបានធ្វើសកម្មភាពយោធា ដើម្បីរំលោភលើដែនដី ដែនអាកាសនិងដែនសុមទ្ររបស់កូរ៉េខាងជើង នោះនឹងត្រូវចាត់ទុកថាគឺជាការបង្ករឿងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់កូរ៉េខាងជើងនិងប្រកាសធ្វើសង្គ្រាម កូរ៉េខាងជើងនឹងធ្វើការវាយប្រហារសងសឹកវិញភា្លម ៕