ថ្ងៃទី ១៦ ខែតុលា គណៈកម្មាធិការទីបីរបស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ បានធ្វើកិច្ចសន្ទនាជាមួយឧត្តមស្នងការពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ។ ថ្លែងក្នុងសុន្ទរកថា លោក Dai bing តំណាងរងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានលើកឡើងថា តំណាងអាមេរិកនិងអង់គ្លេសបានប្រឌិតនិងផ្សព្វផ្សាយសម្តីភូតកុហកក្នុងសុន្ទរកថារបស់ខ្លួន ក្នុងចេតនាបង្កការបដិបក្ខគ្នាខាងនយោបាយ ប្រទេសចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតនិងបដិសោធទាំងស្រុងចំពោះរឿងនេះ ។
លោក Dai bing បានលើកឡើងថា ប្រទេសចិនប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាស្នូល បានដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន និងសមស្របនឹងចរន្តនៃយុគសម័យ ការអភិវឌ្ឍបុព្វហេតុសិទ្ធិមនុស្សរបស់ចិនទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ។ ប្រការដែលសហគមន៍អន្តរជាតិគួរតែចាប់អារម្មណ៍នោះ គឺសភាពការណ៍សិទិ្ធមនុស្សរបស់អាមេរិកនិងលោកខាងលិចឯណោះទេ ។ គឺអាមេរិកហ្នឹងហើយដែលមិនអើពើពីការបាត់បង់ជីវិតរបស់ជនស៊ីវិលចំនួនជាង៤ម៉ឺននាក់នៅតំបន់ហ្កាហ្សា ហើយបែរជាបញ្ជូនអាវុធយុទ្ធភណ្ឌនិងបណ្តែតបណ្តោយឱ្យការប៉ះទង្គិចឡើងកម្តៅ អាមេរិកត្រូវរ៉ាប់រងទំនួលខុសត្រូវដែលមិនអាចបដិសេធបានចំពោះគ្រោះមហន្តរាយមនុស្សធម៌នៅតំបន់មជ្ឈិមបូព៌ា ។ ប្រទេសចិនអំពាវនាវយ៉ាងខ្លាំងក្លាឱ្យការិយាល័យឧត្តមស្នងការពិសេសស្តាប់សំឡេងយុត្តិធម៌របស់សហគមន៍អន្តរជាតិដោយយកចិត្តទុកដាក់ ធ្វើការស៊ើបអង្កេតនិងដេញដោលរកទំនួលខុសត្រូវចំពោះទង្វើរំលោភសិទ្ធិមនុស្សរបស់ប្រទេសលោកខាងលិចមួយចំនួនតូច ដូចជាអាមេរិកនិងអង់គ្លេសជាដើម ៕