នៅថ្ងៃទី ១៧ ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ប្រទេសប្រេស៊ីលដែលដឹកនាំដោយលោក Rui Costa រដ្ឋមន្ត្រីទីមួយនៃទីស្តីការប្រធានាធិបតីប្រេស៊ីលនៅទីក្រុងប៉េកាំង ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ក្រោមស្ថានការណ៍ថ្មី ការដែលប្រទេសចិននិងប្រេស៊ីលធ្វើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមិនត្រឹមតែសមស្របនឹងផលប្រយោជន៍យូរអង្វែងនិងជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងបង្កើតជាគំរូសម្រាប់ប្រទេសសកលខាងត្បូងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពផងដែរ ។ ប្រទេសចិនរីករាយរួមសហការជាមួយប្រេស៊ីលដោយចាត់ទុកខួបទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងប្រេស៊ីលជាឱកាសមួយដើម្បីធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពកាន់តែជិតស្និទ្ធ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ក៏ដូចជាពួតដៃគ្នាកសាងសហគមន៍រួមវាសនា ។
ជាការឆ្លើយតប លោក Rui Costa បានថ្លែងថា ភាគីប្រេស៊ីលរីករាយចាត់ទុកការទូតប្រមុខរដ្ឋជាការណែនាំដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យឱ្យទទួលបានផ្លែផ្កាកាន់តែច្រើននិងលើកកម្ពស់ភាពជាយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រេស៊ីលនិងចិន ៕