ថ្ងៃទី១៦ខែតុលា លោក Chen Xu ឯកអគ្គរដ្ឋទូតចិនប្រចាំជាអចិន្ត្រៃយ៍នៅទីចាត់ការក្រុងហ្សឺណែវរបស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិផ្សេងទៀតប្រចាំនៅប្រទេសស្វ៊ីសបានបញ្ចេញមតិក្នុងការជជែកដេញដោលជាទូទៅនៃកិច្ចប្រជុំលើកទី៧៥នៃគណៈកម្មាធិការប្រតិបត្តិនៃទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ដោយអធិប្បាយអំពីគោលជំហរនិងគំនិតផ្តួចផ្តើមរបស់ចិនអំពីបញ្ហាជនភៀសខ្លួន។
លោក Chen Xuបានថ្លែងថា សង្រ្គាមនិងការប៉ះទង្គិចគឺជាមូលហេតុសំខាន់ដែលបណ្តាលឱ្យមនុស្សជាច្រើននិរាសព្រាត់ប្រាសនិងបាត់បង់ទីជម្រក សហគមន៍អន្តរជាតិគួរជំរុញយ៉ាងសកម្មនូវការឈប់បាញ់គ្នានិងបញ្ឈប់អំពើហិង្សា ក៏ដូចជាស្វែងរកដំណោះស្រាយតាមផ្លូវនយោបាយ ដើម្បីចៀសវាងកុំបង្កឱ្យកើតមានគ្រោះមហន្តរាយខាងមនុស្សធម៌កាន់តែធំ។ មិនថាសាមីភាគីប៉ះទង្គិចណាមួយក៏ដោយ ក៏សុទ្ធតែគ្មានសិទ្ធិរារាំងមិនឱ្យស្ថាប័នមនុស្សធម៌ផ្តល់ជំនួយដល់ជនភៀសខ្លួននោះទេ។
លោក Chen Xu បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ប្រទេសចិនបានប្រកាសនូវសកម្មភាពដៃគូសំខាន់ៗចំនួនដប់ដើម្បីប្រទេសចិន និងទ្វីបអាហ្រ្វិកពួតដៃគ្នាជំរុញការធ្វើទំនើបកម្មក្នុងរយៈពេលបីឆ្នាំខាងមុខ ហើយនៅពេលមុននេះមិនជាយូរប៉ុន្មាន ក៏បានលើកឡើងនូវ “ផែនការផ្តល់ផលប្រយោជន៍ជាទូទៅស្តីពីការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត” ប្រការទាំងនេះបានផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍថ្មីនៃពិភពលោក។ ប្រទេសចិនមានឆន្ទៈក្នុងការរួមសហការជាមួយប្រទេសផ្សេងទៀត ដើម្បីរួមគ្នាអនុវត្តឱ្យបានល្អនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីរួមចំណែកជាវិជ្ជមានដល់សន្តិភាពនិងវិបុលភាពពិភពលោក ក៏ដូចជាការដោះស្រាយបញ្ហាជនភៀសខ្លួនផងដែរ៕