ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី១៧ខែតុលា មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា វិទ្យាស្ថានសិក្សាស្រាវជ្រាវ Fraser បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៤អំពីសេរីភាពសេដ្ឋកិច្ចនៃពិភពលោក ក្នុងនោះ តំបន់ហុងកុងត្រូវបានវាយតម្លៃថា ជាអង្គភាពសេដ្ឋកិច្ចដ៏សេរីបំផុតលើទូទាំងពិភពលោកក្នុងចំណោមអង្គភាពសេដ្ឋកិច្ចចំនួន១៦៥ ។ សូមសួរថា តើក្រសួងការបរទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះករណីនេះ?
លោកស្រី Mao Ning អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបានថ្លែងថា ចាប់តាំងពីតំបន់ហុងកុងបានវិលត្រឡប់មកមាតុប្រទេសចិនវិញ គឺមានឋានៈដ៏រឹងមាំខាងហិរញ្ញវត្ថុអន្តរជាតិ ការដឹកជញ្ជូនតាមផ្លូវទឹកនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងរក្សាបរិយាកាសអាជីវកម្មលំដាប់ពិភពលោកដែលប្រកបដោយភាពសេរីនិងបើកទូលាយ ដូច្នេះ ត្រូវបានស្ថាប័នអន្តរជាតិជាច្រើនវាយតម្លៃថា ជាអង្គភាពសេដ្ឋកិច្ចដ៏សេរីបំផុតនិងជាតំបន់មួយដែលមានកម្លាំងប្រកួតប្រជែងធំបំផុតលើទូទាំងពិភពលោក ។ ប្រការនេះបានបង្ហាញនូវការទទួលស្គាល់កម្រិតខ្ពស់ពីសហគមន៍អន្តរជាតិចំពោះឋានៈពិសេសនិងឧត្តមភាពនៃតំបន់ហុងកុង ព្រមទាំងអនាគតអភិវឌ្ឍន៍នៃ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ។ តំបន់រដ្ឋបាលពិសេសហុងកុងនឹងមានអនាគតកាន់តែល្អប្រសើរ ស្វាគមន៍ឥស្សរជនមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មនៃបណ្តាប្រទេសនានាក្តាប់ជាប់ឱកាសដើម្បីរួមគ្នាចែករំលែកពីវិបុលភាព !