ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ចិនរីករាយរួមជាមួយភាគីនានា ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅដែលពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ
2024-10-17 14:38:27cri
Share with:

     ថ្ងៃទី១៦ខែតុលា លោកស្រីMao Ningអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថាភាគីចិនរីករាយរួមជាមួយភាគីនានា បន្តធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកគោលដៅនៃការហាមឃាត់ដោយគ្រប់ជ្រុងជ្រោយនិងបំផ្លាញដោយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ និងសម្រេចបាននូវគោលដៅដែលពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ។

      នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិននៅថ្ងៃដដែល  មានអ្នកសារព័ត៌មានសួរថា៖ នាពេលមុននេះមិនជាយូរប៉ុន្មាន  តំណាងចិនបានផ្តួចផ្តើមគំនិតឱ្យរដ្ឋដែលមានអាវុធនុយក្លេអ៊ែរធ្វើកិច្ចចរចានិងចុះហត្ថលេខាលើ"សន្ធិសញ្ញាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុនគេទៅវិញទៅមក"ក្នុងដំណើរការពិនិត្យពិភាក្សាអំពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ តើភាគីចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះរឿងនេះ?

      លោកស្រីMao Ningបានលើកឡើងថា   នៅថ្ងៃទី១៦ខែតុលាឆ្នាំ១៩៦៤  រដ្ឋាភិបាលចិនបានប្រកាសយ៉ាងឱឡារិកថា  ប្រទេសចិននឹងមិនប្រើអាវុធនុយក្លេអ៊ែរមុនគេនោះក្នុងខណៈពេលណាឬក្រោមសភាពការណ៍ណាក៏ដោយ។ ប្រវត្តិសាស្ត្រនិងការពិតបានបញ្ជាក់ថា  គោលនយោបាយមិនប្រើអាវុធនុយក្លេអ៊ែរមុនគេ  គឺមានអំណោយផលដល់ការបង្កើនទំនុកចិត្តខាងយុទ្ធសាស្ត្រទៅវិញទៅមក  ជំរុញដំណើរការកាត់បន្ថយសព្វាវុធនុយក្លេអ៊ែរ  កាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពនិងជំរុញតុល្យភាពនិងស្ថិរភាពជាយុទ្ធសាស្ត្ររបស់សកលលោក។ ភាគីចិនរីករាយរួមជាមួយភាគីនានា  បន្តធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅរកគោលដៅនៃការហាមឃាត់ដោយគ្រប់ជ្រុងជ្រោយនិងបំផ្លាញដោយទាំងស្រុងនូវអាវុធនុយក្លេអ៊ែរនិងសម្រេចបាននូវគោលដៅដែលពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស