នៅថ្ងៃទី១៤ខែតុលា លោកWang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកAraghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់។ ភាគីទាំងពីរបានវាយតម្លៃយ៉ាងសកម្មចំពោះទំនាក់ទំនងរវាងចិននិងអ៊ីរ៉ង់ ហើយបានបង្ហាញពីឆន្ទៈរក្សាការប្រាស្រ័យទាក់ទងគ្រប់ស្រទាប់ជាន់ថ្នាក់និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង។
លោកAraghchiបានថ្លែងថា អ៊ីរ៉ង់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហានិភ័យនៃការឡើងកម្តៅដោយគ្រប់ជ្រុយជ្រោយនៃស្ថានការណ៍ក្នុងតំបន់នាពេលបច្ចុប្បន្ន ហើយមិនចង់មើលឃើញការប៉ះទង្គិចរីករាលដាលថែមទៀតនោះទេ។ អ៊ីរ៉ង់រីករាយបង្កើនការទាក់ទងប្រាស្រ័យនិងការសម្របសម្រួលជាមួយភាគីចិន ដើម្បីជំរុញការបន្ធូរបន្ថយស្ថានការណ៍តាមរយៈមធ្យោបាយការទូត។ អ៊ីស្រាអែលគួរជៀសវាងការផ្សងព្រេង និងធ្វើការសម្រេចចិត្តដោយប្រុងប្រយ័ត្ន។
លោកWang Yiបានថ្លែងថា ភាគីចិនបានផ្តួចផ្តើមគំនិតរហូតមកឱ្យដោះស្រាយបញ្ហាចំណុចក្តៅតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សាគ្នា ប្រឆាំងនឹងការបង្កើនវិវាទនិងពង្រីកការប៉ះទង្គិច ប្រឆាំងការធ្វើប្រតិបត្តិការយោធា ដោយប្រថុយប្រថាន ហើយអំពាវនាវឱ្យភាគីនានាធ្វើរឿងដែលមានអំណោយផលដល់ការគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ឱ្យបានកាន់តែច្រើន។ ភាគីចិននឹងបន្តបង្ហាញពីកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ដើម្បីដើរតួនាទីមានលក្ខណៈស្ថាបនាក្នុងការជំរុញការបន្ធូរបន្ថយការប៉ះទង្គិច៕