ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYiជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល ដោយគូសបញ្ជាក់ថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ដល់ស្ថានការណ៍ដ៏តានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់
2024-10-15 10:54:44cri
Share with:

      នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០២៤ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកIsrael Katz រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលតាមការណាត់។

      លោកWangYiបានថ្លែងថា ការប៉ះទង្គិចក្នុងតំបន់មជ្ឈិមបូព៌ាបានឡើងកម្តៅជាបន្តបន្ទាប់ ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្នគឺសម្រេចបាននូវការឈប់បាញ់គ្នាទំាងស្រុងជាស្ថាពរនៅតំបន់ហ្កាហ្សាភ្លាមៗ ហើយដោះលែងចំណាប់ខ្មាំងទាំងអស់ និងធានាជាក់លាក់ដល់ការផ្តល់ភាពងាយស្រួលសម្រាប់ការងារជួយសង្រ្គោះខាងមនុស្សធម៌នៅតំបន់ហ្កាហ្សា។ការប៉ះទង្គិចនៅហ្កាហ្សាបានបញ្ជាក់ម្តងទៀតថា បញ្ហាប៉ាឡេស្ទីននៅតែជាស្នូលនៃបញ្ហាមជ្ឈិមបូព៌ា។អាកប្បកិរិយារបស់សហគមន៍អន្តរជាតិគឺច្បាស់លាស់ណាស់ ពោលគឺរំពឹងថា នឹងត្រឡប់ទៅរកដំណោះស្រាយតាមវិធីនយោបាយអំពី"ផែនការរដ្ឋពីរ”ក្នុងពេលឆាប់ៗ ដើម្បីសម្រេចបាននូវការរួមរស់នៅដោយសន្តិភាពរវាងប្រទេសទាំងពីរអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅទីបំផុត ក៏ដូចជាការរួមរស់នៅដោយសុខដុមរមនារវាងជនជាតិជ្វីបនិងអារ៉ាប់ផងដែរ។

      លោកWangYiបានថ្លែងបន្តថា ភាគីចិនយកចិត្តទុកដាក់ខ្ពស់ដល់ស្ថានការណ៍ដ៏តានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ដោយសម្គាល់ឃើញថា ការផ្ទុះសង្រ្គាមនិងកើតមានភាពចលាចលថែមមួយកម្រិតទៀតក្នុងតំបន់ វាមិនសមស្របនឹងផលប្រយោជន៍របស់ភាគីណាមួយនោះទេ។ រំពឹងថា ភាគីនានានឹងប្រកាន់យកភាពមធ្យ័ត ដើម្បីជៀសវាងកុំឱ្យស្ថានការណ៍ធ្លាក់ក្នុងការវដ្តដ៏អាក្រក់

      លោកWangYiបានបញ្ជាក់ទៀតថា កងទ័ពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិប្រចាំការជាបណ្តោះអាសន្ននៅលីបង់បានបំពេញភារកិច្ចរក្សាសន្តិភាពដោយទទួលការផ្តល់សិទ្ធិពីសេចក្តីសម្រេចចិត្តនៃក្រុមប្រឹក្សាសន្តិសុខ។ ភាគីអ៊ីស្រាអែលគួរចាត់វិធានការយ៉ាងប្រាកដប្រជា ដើម្បីធានាដល់សុវត្ថិភាពរបស់កងទ័ពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិប្រចាំការជាបណ្តោះអាសន្ននៅលីបង់៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស