លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម
ថ្ងៃទី ១២ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមនៅទីស្តីការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្រុងហាណួយ។
លោក Li Qiang បានថ្លែងថា ប្រទេសចិនរីករាយរួមជាមួយភាគីវៀតណាមក្នុងការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរនិងបក្សទាំងពីរ បន្តវេនចំណងមិត្តភាពប្រពៃណី ធ្វើឱ្យការប្រាស្រ័យទាក់ទងជាន់ខ្ពស់មានភាពស្អិតល្មួត បង្កើនការផ្លាស់ប្តូរយុទ្ធសាស្រ្ត បង្កើនសាមគ្គីភាពនិងកិច្ចសម្របសម្រួល ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការជំរុញការកសាងសហគមន៍រួមវាសនាចិននិងវៀតណាមប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត អនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការស្តីពីគំនិតផ្តួចផ្តើមសកលធំទាំង៣ រួមគ្នាជំរុញពហុប៉ូលភាវូបនីយកម្មនៃពិភពលោកប្រកបដោយសមភាពនិងមានសណ្ដាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន ហើយគាំពារនិងជំរុញភាពរុងរឿងនិងសន្តិភាពរបស់អាស៊ី។
ជាការឆ្លើយតប លោក Tô Lâm បានថ្លែងថា ជានិច្ចកាល គណបក្សនិងរដ្ឋាភិបាលវៀតណាមតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសចិន និងតម្កល់ទុកទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្រ្តនិងជាអាទិភាពនៃគោលនយោបាយការទូតរបស់វៀតណាម ។ វៀតណាមនឹងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការដើរឆ្ពោះទៅមុខតាមផ្លូវដែលកំណត់រួមដោយថ្នាក់ដឹកនាំកំពូលរបស់បក្សនិងប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ជំរុញការកសាងសហគមន៍រួមវាសនារវាងវៀតណាមនិងចិនប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត៕