អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី ១២ ខែតុលាថា អាកប្បកិរិយានិងឆន្ទៈដ៏ស្មោះរបស់ចិនអំពីការស្វែងរកដំណោះស្រាយតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សា គឺមិនបានផ្លាស់ប្តូរទេ ។ ភាគីចិនបានអញ្ជើញភាគីអឺរ៉ុបជាផ្លូវការឱ្យចាត់បញ្ជូនក្រុមការងារបច្ចេកទេសទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗ ដើម្បីបន្តការពិគ្រោះពិភាក្សាទល់មុខដំណាក់កាលបន្ទាប់ ហើយពេលបច្ចុប្បន្ន ចិនបានធ្វើការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការពិភាក្សា ។ សង្ឃឹមថា ភាគីអឺរ៉ុបអាចដើរស្របតាមទិសដៅដូចគ្នាជាមួយចិន ចាត់ចែងក្រុមការងារទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗ និងពន្លឿនការពិគ្រោះពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ដើម្បីដើរដល់ដំណោះស្រាយយ៉ាងសមរម្យក្នុងពេលឆាប់ៗ ។
អ្នកនាំពាក្យរូបនេះបានបន្តថា នៅថ្ងៃទី ១៩ ខែកញ្ញា លោក Wang Wentao រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានជួបពិភាក្សាការងារជាមួយលោក Valdis Dombrovskis អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការសហភាពអឺរ៉ុប និងជាស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញការចរចាលើកិច្ចព្រមព្រៀងនៃការសន្យាខាងតម្លៃអំពីករណី ប្រឆាំងឧបត្ថម្ភកធននៃរថយន្តអគ្គិសនីរបស់ចិន ។ ក្រុមការងារបច្ចេកទេសចិននិងសហភាពអឺរ៉ុបបានធ្វើការពិគ្រោះពិភាក្សាចំនួន ៨ លើកនៅទីក្រុងព្រុចសែលក្នុងរយៈពេលជាង ២០ ថ្ងៃចាប់ពីថ្ងៃទី ២០ ខែកញ្ញាមក ប៉ុន្តែ គួរឱ្យសោកស្តាយ ភាគីអឺរ៉ុបមិនដែលឆ្លើយតបយ៉ាងសកម្មចំពោះកង្វល់ស្នូលរបស់មជ្ឈដ្ឋានឧស្សាហកម្មចិននិងអឺរ៉ុបទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ ការពិគ្រោះពិភាក្សានៅមិនទាន់ដើរដល់ដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាននៅឡើយ៕