ពេលព្រឹកថ្ងៃទី១២ ខែតុលា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន អ្នកទទួលខុសត្រូវនៃក្រសួងហិរញ្ញវត្ថុចិនបានធ្វើបទឧទ្ទេសនាមអំពីស្ថានភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ចចិន។
លោក Lan Fo'an រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុចិនបានថ្លែងថា ហិរញ្ញវត្ថុរបស់ប្រទេសចិនមានភាពធន់គ្រប់គ្រាន់ ហើយតាមរយៈការចាត់វិធានការចម្រុះ យើងអាចសម្រេចបាននូវសមតុល្យនៃការទូទាត់ និងសម្រេចគោលដៅថវិកាក្នុងឆ្នាំ២០២៤នេះ។
លោក Lan Fo'an បានថ្លែងថា ក្រសួងហិរញ្ញវត្ថុចិននឹងដាក់ចេញនូវកញ្ចប់វិធានការនិងគោលនយោបាយជាបន្តបន្ទាប់នាពេលខាងមុខនេះដោយផ្តោតលើស្ថិរភាពនៃកំណើន ពង្រីកតម្រូវការក្នុងស្រុក និងកាត់បន្ថយហានិភ័យ ។ រួមមានវិស័យដូចជា៖ ការបង្កើនការគាំទ្រសម្រាប់រដ្ឋបាលតំបន់ដើម្បីដោះស្រាយហានិភ័យបំណុលរបស់រដ្ឋាភិបាល ការដាក់លក់បំណុលរដ្ឋពិសេសដើម្បីគាំទ្រដល់ធនាគារពាណិជ្ជកម្មធំៗរបស់រដ្ឋក្នុងការបំពេញបន្ថែមមូលធនសំខាន់ៗ ការប្រើប្រាស់មូលបត្របំណុលពិសេសរបស់រដ្ឋបាលតំបន់ មូលធនពិសេស និងគោលនយោបាយពន្ធដារជាដើម ដើម្បីបង្កើនការគាំទ្រដល់អង្គភាពសំខាន់ៗ ៕