នាព្រឹកថ្ងៃទី ១១ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានទទួលជួបជាមួយភ្ញៀវកិត្តិយសបរទេសដែលអញ្ជើញចូលរួមមហាសន្និបាតមិត្តភាពអន្តរជាតិចិន និងពិធីរំលឹកខួប ៧០ឆ្នាំនៃការបង្កើតសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេសនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោក Xi Jinping បានលើកឡើងថា សមិទ្ធផលរបស់ចិនក្នុងគ្រប់វិស័យគឺមិនអាចឃ្លាតឆ្ងាយពីការគាំទ្ររបស់ប្រជាជនជុំវិញពិភពលោកទេ ពួកយើងចងចាំជានិច្ចនូវការរួមចំណែកដ៏សំខាន់របស់អ្នកទាំងអស់គ្នាចំពោះប្រទេសចិន និងមិត្តភាពដ៏ស្មោះស្ម័គ្រជាមួយប្រជាជនចិន។
លោក Xi Jinping បានបញ្ជាក់ថា ក្នុងបរិបទដែលប្រឈមនឹងបម្រែបម្រួលនិម្មាបនកម្មដែលមិនធ្លាប់ជួបក្នុងរយៈពេលមួយសតវត្ស ប្រទេសនានាលើពិភពលោកមានជោគវាសនាតែមួយ ។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយមិត្តភក្តិជុំវិញពិភពលោក ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។ លោកបានលើកសំណើបីចំណុច៖
ទីមួយ គួរប្រកាន់ខ្ជាប់ស្មារតី “រួមសុខរួមទុក្ខដើម្បីពិភពលោក” និងប្រមូលផ្តុំនូវគំនិតឯកភាពយ៉ាងទូលំទូលាយដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
ទីពីរ គួរប្រកាន់ខ្ជាប់ទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងប្រមូលផ្តុំនូវកម្លាំងយ៉ាងខ្លាំងក្លាដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
ទីបី គួរប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាបន្ន និងជំរុញការផ្លាស់ប្តូរផ្នែកអរិយធម៌ដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
សូមបញ្ជាក់ថា អតីតអ្នកនយោបាយសំខាន់ៗ សមាជិកនៃព្រះរាជវង្សានុវង្ស អ្នកទទួលខុសត្រូវនៃអង្គការមិត្តភាពអន្តរជាតិនិងឥស្សរជនមានមេត្រីភាពជាមួយចិនប្រមាណ ២០០ រូបបានអញ្ជើញចូលរួមកិច្ចជំនួបនេះ។