កាលពីថ្ងៃទី១០ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងអំឡុងកិច្ចប្រជុំកំពូលស្តីពីសហប្រតិបត្តិការអាស៊ីបូព៌ានិងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
លោក Li Qiang បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយប្រទេសកម្ពុជា ដើម្បីពន្លឿនការតភ្ជាប់រវាងការរួមគ្នាកសាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់ និងផ្លូវ" និង "យុទ្ធសាស្ត្របញ្ចកោណ" របស់កម្ពុជាដោយផ្សារភ្ជាប់ជាមួយតម្រូវការនៃការអភិវឌ្ឍ និងរួមគ្នាអនុវត្តទម្រង់ថ្មី នៃផែនការសកម្មភាពស្តីពីសហគមន៍រួមវាសនាចិន-កម្ពុជា ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ។ ប្រទេសចិនលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនកាន់តែច្រើនទៅបណ្តាក់ទុន និងធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហើយរីករាយនាំចូលផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតពីកម្ពុជា។ ប្រទេសចិនមានឆន្ទៈពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយកម្ពុជា ដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម។
ជាការឆ្លើយតប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានថ្លែងថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិន និងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ។ ប្រទេសកម្ពុជាមានឆន្ទៈរួមជាមួយប្រទេសចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ថាមពល ការវិនិយោគ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ទេសចរណ៍ និងវិស័យផ្សេងៗទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការខាងការអនុវត្តច្បាប់និងសន្តិសុខ រួមគ្នាបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជាល្បែងស៊ីសងតាមអនឡាញ និងបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាដើម ដើម្បីរួមគ្នាជំរុញការកសាងសហគមន៍រួមវាសនារវាងកម្ពុជា និងចិន៕