កាលពីថ្ងៃទី ៩ ខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកTakeshi Iwaya រដ្ឋមន្ត្រីការបរទេសជប៉ុនអាណត្តិថ្មី ។
ថ្លែងក្នុងកិច្ចជំនួប លោកTakeshi Iwaya បានលើកឡើងថា គណៈរដ្ឋមន្ត្រីជប៉ុនអាណត្តិថ្មីមានឆន្ទៈជំរុញដោយគ្រប់ជ្រុងជ្រោយនូវការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងជប៉ុននិងចិន និងធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតទំនាក់ទំនងទ្វេភាគីប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាព ។ កិច្ចសហប្រតិបត្តិការរវាងជប៉ុននិងចិនក្នុងគ្រប់វិស័យមានសក្ដានុពលយ៉ាងធំធេង ជប៉ុនមានឆន្ទៈក្នុងការពង្រឹងការប្រាស្រ័យទាក់ទងជាមួយចិនក្នុងគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហាតាមរយៈការពិគ្រោះពិភាក្សា ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ប្រទេសចិនសូមកោតសរសើរចំពោះគណៈរដ្ឋមន្ត្រីអាណតិ្តថ្មីរបស់ប្រទេសជប៉ុននិងរូបលោករដ្ឋមន្ត្រីផ្ទាល់ ដែលបានបញ្ចេញសញ្ញាវិជ្ជមានស្តីពីការមានឆន្ទៈក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរប្រកបដោយស្ថិរភាពបន្ទាប់ពីចូលកាន់តំណែងមក ។ គោលនយោបាយរបស់ចិនចំពោះជប៉ុនគឺប្រកបដោយភាពនឹងនរនិងជាប់លាប់ រំពឹងទុកថា ប្រទេសជប៉ុននឹងគោរពតាមការសន្យាផ្នែកនយោបាយរបស់ខ្លួនលើបញ្ហាតៃវ៉ាន់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ។ប្រឈមមុខនឹងស្ថានការណ៍អន្តរជាតិដ៏ច្របូកច្របល់ យើងគួរតែការពារស្ថានការណ៍ក្នុងតំបន់ឱ្យរក្សាបាននូវសន្តិភាពនិងស្ថិរភាពជាទូទៅ ដែលទទួលបានដោយមិនងាយ ៕