ថ្ងៃទី ១០ ខែតុលា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ាន (១០+១) លើកទី ២៧ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
លោក Li Qiang បានថ្លែងថា បច្ចុប្បន្ននេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវ បញ្ហាដែលតម្រូវការសរុបនៃសកលមិនគ្រប់គ្រាន់កាន់តែមានភាពលេចធ្លោ ហើយទីផ្សារបានក្លាយជាធនធានដ៏កម្របំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ ប្រទេសចិន និងអាស៊ានគឺជាទីផ្សារសំខាន់ពីរ ធនធានទីផ្សារគឺជាឧត្តមភាពលេចធ្លោបំផុតរបស់យើង។ ការពង្រឹងការតភ្ជាប់ទីផ្សារគឺជាទិសដៅសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត។ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការកាន់តែច្រើនទៀតជាមួយអាស៊ាន ដើម្បីរួមគ្នាកសាង និងចែករំលែកទីផ្សារ និងស្វែងរកមធ្យោបាយដើម្បីនាំមកនូវកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍ ឱ្យកាន់តែរឹងមាំ និងយូរអង្វែងដល់ភាគីទាំងពីរ និងផ្តល់ការគាំទ្រដ៏រឹងមាំបន្ថែមទៀតសម្រាប់វិបុលភាពរួមក្នុងតំបន់ និងពិភពលោក។
លោក Li Qiang បានថ្លែងបន្តថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយអាស៊ានដើម្បីបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់អាស៊ី។ ទីមួយគឺកសាងបណ្តាញតភ្ជាប់គ្រប់ជ្រុងជ្រោយ ទីពីរគឺពង្រីកកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្មងើបឡើងវិញ និងទីបីគឺធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
មេដឹកនាំនៃបណ្តាប្រទេសអាស៊ានដែលចូលរួមក្នុងកិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះសន្ទុះអភិវឌ្ឍន៍ដ៏រឹងមាំនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិន។
កិច្ចប្រជុំបានអនុម័តឯកសារសមិទ្ធផលដូចជា ««សេចក្តីថ្លែងការណ៍រួមចិន-អាស៊ាន ស្តីពីការបញ្ចប់ការចរចាស្តីពីការលើកកម្ពស់កម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន៣.០»«សេចក្តីថ្លែងការណ៍រួមចិន-អាស៊ានស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធទូរគមនាគមន៍ និងល្បែងស៊ីសងតាមអនឡាញ»និងឯកសារផ្សេងទៀត៕