នៅថ្ងៃទី ១០ ខែតុលា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ អ្នកយកព័ត៌មានបានសួរសំណួរពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកដឹកនាំនៃអាជ្ញាធរតៃវ៉ាន់បុគ្គល Lai Ching-te។
លោកស្រី Mao Ning បានថ្លែងថា ការលើកឡើងរបស់បុគ្គល Lai Ching-te មានចេតនាផ្តាច់ទំនាក់ទំនងប្រវត្តិសាស្ត្ររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ហើយលើកឡើងម្តងទៀតនូវអ្វីដែលហៅថា " ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មិនចំណុះគ្នាទៅវិញទៅមក " និង "ការប្រកាន់ខ្ជាប់អធិបតេយ្យភាព" ជាដើម ព្រមទាំងឃោសនាបំផ្លើសពី “ឯករាជ្យភាពតៃវ៉ាន់”តាមគ្រប់ទម្រង់ ដែលបានលាតត្រដាងម្តងទៀតនូវគោលជំហរដ៏រឹងចចេសរបស់កម្លាំងអបគមន៍ដេលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងចេតនាអាក្រក់របស់បុគ្គលទាំងនេះក្នុងការបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ដើម្បីស្វែងរកផលប្រយោជន៍ផ្នែកនយោបាយ ។
លោកស្រីបន្តថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ តៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។ មិនថាអាជ្ញាធរ Lai Ching-te និយាយឬធ្វើអ្វីក៏ដោយ សុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែងដែលថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាទឹកដីរបស់ចិន ហើយក៏មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រដែលប្រទេសចិនគង់តែនឹងសម្រេចការបង្រួបបង្រួមជាតិនៅទីបំផុតជាមិនខាន ។ ការញុះញង់បង្ករឿងហេតុរបស់កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យប្រាកដជាត្រូវដើរចូលផ្លូវទាល់ច្រកនៅទីបំផុត ៕