ថ្ងៃទី១ ខែមេសា កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទៅវិញទៅមករវាងប្រទេសចិននិងថៃបានចូលជាធរមាន ហើយប្រទេសទាំងពីរបានឈានចូលដល់ “យុគសម័យដែលលើកលែងទិដ្ឋាការ”។ដោយសារគោលនយោបាយដ៏អំណោយផលនេះ ការធ្វើដំណើររបស់ភ្ញៀវទេសចរចិនទៅកាន់ប្រទេសថៃនៅតែបន្តកើនឡើង។
យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍និងកីឡាថៃបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២៤ ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសជាង២៦លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន១.២១ទ្រីលានបាត ក្នុងនោះ ភ្ញៀវទេសចរចិនចំនួន៥.២៥លាននាក់ដែលជាប់ចំណាត់ថ្នាក់លេខ១។យោងតាមការប៉ាន់ប្រមាណនៃមន្ទីរទេសចរណ៍ថៃបានឱ្យដឹងថា ក្នុងអំឡុងពេលវិស្សមកាលថ្ងៃបុណ្យជាតិចិនឆ្នាំ២០២៤ ភ្ញៀវទេសចរចិនប្រហែល១៨.៣ម៉ឺននាក់នឹងទៅធ្វើទេសចរណ៍នៅប្រទេសថៃ ដែលនឹងបង្កើតប្រាក់ចំណូលចំនួន៥.១ប៊ីលានបាត។
ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃបានលើកឡើងថា ប្រទេសថៃស្វាគមន៍ភ្ញៀវទេសចរដែលមកពីគ្រប់កន្លែងនៅលើពិភពលោក ជាពិសេសភ្ញៀវទេសចរចិន ហើយនឹងខិតខំប្រឹងប្រែងធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរក្នុងប្រទេសថៃ ដើម្បីផ្តល់បទពិសោធន៍ធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងគុណភាពខ្ពស់សម្រាប់ភ្ញៀវទេសចរ៕