“ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនីស្តចិនបានសាមគ្គីនិងដឹកនាំប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ធ្វើការតស៊ូព្យាយាមឥតឈប់ឈរ បានបង្កើតអច្ឆរិយពីរ ពោលគឺសេដ្ឋកិច្ចទទួលបានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងសង្គមមានស្ថិរភាពរយៈពេលយូរ ។ល។” ក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានពិពណ៌នាដំណើរដ៏អស្ចារ្យរបស់សាធារណរដ្ឋប្រជាមានិតចិនដូចខាងលើនេះ ។
ពីទស្សនៈអភិបាលកិច្ចដែលតម្កល់ទុកប្រជាជនជាអាទិភាព ដល់ការរៀបចំចាត់ចែងជាប្រព័ន្ធរបបដ៏សំខាន់អំពីប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញឡូហ្ស៊ីកដ៏ជ្រាលជ្រៅនៃការអភិវឌ្ឍនិងការរីកចម្រើនរបស់ចិន ។
“អំណាចទាំងអស់នៃសាធារណរដ្ឋប្រជាមានិតចិនគឺជារបស់ប្រជាជន ។” នេះជាពាក្យសន្យាយ៉ាងម៉ឺងម៉ាត់ដែលត្រូវដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញរបស់ចិន ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនបង្កើតឡើង ឆ្លងតាមរយៈការរៀបចំចាត់ចែងខាងនយោបាយដ៏សំខាន់មួយចំនួន ដូចជា ការបង្កើតរបបសភាតំណាងប្រជាជន របបពហុបក្សធ្វើកិច្ចសហប្រតិបតិ្តការនិងប្រឹក្សានយោបាយជាមួយគ្នា ដើម្បីធានា “អំណាចទាំងអស់នៃប្រទេសជាតិគឺជារបស់ប្រជាជន ” ។ អ្នកបង្កើតប្រទេសចិនថ្មីប្រែក្លាយគោលបំណងនៃប្រជាជនដែលចង់ធ្វើជាម្ចាស់របស់ប្រទេសជាតិទៅជាការពិតជាក់ស្តែង ។
ឆ្លងកាត់ការអភិវឌ្ឍអស់រយៈពេល៧៥ឆ្នាំ ប្រជាធិបតេយ្យបែបចិនត្រូវបានបង្ហាញក្នុងការតាក់តែងគោលណែនាំផ្នែកនយោបាយដ៏សំខាន់របស់ប្រទេសជាតិផង ហើយក៏ត្រូវបង្ហាញយ៉ាងលម្អិតក្នុងការហូបចុកនិងសម្លៀកបំពាក់របស់ប្រជាជនផងដែរ ។ ជាពិសេសគឺចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក បក្សកាន់អំណាចរបស់ចិនបានធ្វើឱ្យស៊ីជម្រៅនូវការយល់ដឹងចំពោះក្រឹត្យក្រមអភិវឌ្ឍន៍នៃនយោបាយប្រជាធិបតេយ្យ ហើយបានលើកឡើងទស្សនៈស្តីពី “ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល” ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅ ។ ខុសគ្នានឹងរបបប្រជាធិបតេយ្យនៃប្រទេសប៉ែកខាងលិច ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន សម្រេចបាននូវឯកភាពគ្នានៃប្រជាធិបតេយ្យក្នុងដំណើរការនិងប្រជាធិបតេយ្យក្នុងសមិទ្ធផល ប្រជាធិបតេយ្យក្នុងរបៀបវារៈនិងប្រជាធិបតេយ្យក្នុងភាពជាក់ស្តែង ប្រជាធិបតេយ្យដោយផ្ទាល់និងប្រជាធិបតេយ្យដោយប្រយោល ប្រជាធិបតេយ្យរបស់ប្រជាជននិងឆន្ទៈរបស់ប្រទេសជាតិ ដែលជាប្រជាធិបតេយ្យប្រកបដោយគ្រប់ជ្រុងជ្រោយក្នុងខ្សែសង្វាក់ទាំងមូល និងគ្របដណ្តប់ទាំងមូល ហើយក៏ជាប្រជាធិបតេយ្យសង្គមនិយមទូលំទូលាយបំផុត ប្រាកដប្រជាបំផុតនិងមានប្រសិទ្ធភាពបំផុត ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងនិម្មាបនកម្មពិភពលោកមានភាពបម្រែបម្រួលយ៉ាងជ្រាលជ្រៅ ប្រទេសប៉ែកខាងលិចមួយចំនួនបានបាត់បង់របៀបរៀបរយក្នុងអភិបាលកិច្ច និងកើតមានភាពវឹកវរខាងប្រជាធិបតេយ្យ ។ ប៉ុន្តែពួកគេប៉ុនប៉ងផ្តាច់មុខសិទ្ធិនិយមន័យចំពោះនយោបាយប្រជាធិបតេយ្យ ដែលចាត់ទុក “ប្រជាធិបតេយ្យ”ជាឧបករណ៍រក្សាអនុត្តរភាពនិងផលប្រយោជន៍ផ្ទាល់ខ្លួន ជំរុញដោយបង្ខំនូវអ្វីដែលហៅថា “ការកែច្នៃប្រជាធិបតេយ្យ” ដែលនាំមកនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់នយោបាយប្រជាធិបតេយ្យពិភពលោក ។
ក្នុងបរិបទបែបនេះ ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន ធ្វើឱ្យពិភពលោកមានការគិតពិចារណាកាន់តែស៊ីជ្រៅ ។ មនុស្សកាន់តែច្រើនឡើងៗបានឃើញច្បាស់ថា ប្រជាធិបតេយ្យមិនមែនមានតែរូបមន្តរបស់ប្រទេសប៉ែកខាងលិចតែមួយគត់ទេ ប្រជាធិបតេយ្យជាសិទ្ធិរបស់ប្រជាជននៃបណ្តាប្រទេសនានា តែមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ប្រទេសមួយចំនួនតូចទេ ។ តើប្រទេសមួយមានប្រជាធិបតេយ្យឬអត់ គឺត្រូវវិនិច្ឆ័យដោយប្រជាជននៃប្រទេសនេះ ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ បក្សកាន់អំណាចរបស់ប្រទេសចិនបានស្វែងរកនិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យបែបចិនដែលសមស្របនឹងសភាពការណ៍ជាតិរបស់ចិន ប្រជាជនចិនចំនួនជាង១ពាន់៤រយលាននាក់បានធ្វើជាម្ចាស់ផ្ទះយ៉ាងពិតប្រាកដ ។ ប្រការនេះធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍន៍បង្កើនជំនឿចិត្តយ៉ាងខ្លាំងក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ ហើយក៏បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍអរិយធម៌នយោបាយរបស់មនុស្សជាតិផងដែរ ។
ជំហាននៃការអភិវឌ្ឍសង្គមរបស់មនុស្សជាតិមិនដែលឈប់ទេ ការស្វែងរកចំពោះប្រជាធិបតេយ្យក៏ដូចអ៊ីចឹងដែរ ។ ប្រទេសចិននឹងធ្វើឱ្យប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូលមានសុក្រឹតភាពជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យប្រជាជនគ្រប់រូបអាចទទួលបានសិទ្ធិនិងសេរីភាពកាន់តែទូលំទូលាយ ក៏ដូចជាផ្តល់ការធានាផ្នែកប្រព័ន្ធរបបកាន់តែរឹងមាំដល់ការធ្វើទំនើបកម្មតាមបែបផែនចិន ៕