ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការធ្វើទំនើបកម្មតាមបែបផែនចិនមានសមត្ថភាពនាំមកនូវឱកាសថ្មីៗកាន់តែច្រើនដល់ពិភពលោក
2024-10-02 11:47:51cri
Share with:


 ក្នុងឱកាសខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន  ឥស្សរជនអន្តរជាតិបាននាំគ្នាបញ្ចេញឧទានថា  "ប្រទេសចិនបានដើរលើផ្លូវនៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលមិនធ្លាប់មានកាលពីមុន។"នាពេលបច្ចុប្បន្ននេះ   ប្រទេសចិនកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែយកចិត្តទុកដាក់ថា៖ តើប្រទេសចិននឹងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយរបៀបណា?តើវានឹងផ្តល់ឱកាសថ្មីអ្វីខ្លះដល់ពិភពលោក? នៅថ្ងៃទី៣០ខែកញ្ញា  សុន្ទរកថាគន្លឹះដែលលោក Xi Jinpingប្រធានរដ្ឋចិននៅថ្លែងក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ចម្លើយ។

      “ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនីស្តចិន”“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវមាគ៌ានៃសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន”“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាចម្បង”និង“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព”។“ការចាំបាច់ត្រូវប្រកាន់ខ្ជាប់”ទាំងបួននេះគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយនូវលក្ខណៈពិសេសចិននិងតម្រូវការពីឬសគល់នៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលលើកឡើងដោយសមាជបក្សកុម្មុយនីស្តចិនលើកទី២០   វាមិនត្រឹមតែជាការបូកសរុបបទពិសោធន៍កាលពីមុនប៉ុណ្ណោះទេ  ថែមទាំងក៏ជាការណែនាំចំពោះការអភិវឌ្ឍនាពេលអនាគតផងដែរ ដែលបានចង្អុលបង្ហាញនូវទិសដៅយ៉ាងច្បាស់សម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។

      លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានវាយតម្លៃថា  ប្រទេសចិនបានក្លាយជា"កម្លាំងដ៏សំខាន់ដែលមិនអាចខ្វះបាននិងអាចជឿទុកចិត្តបានក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក"រួចហើយ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ  ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែបានជំរុញការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍដោយសន្តិភាពនៃពិភពលោកនិងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ។

      ពេលបច្ចុប្បន្ននេះ  បម្រែបម្រួលនិម្មាបនកម្មរយៈពេលមួយសតវត្សរ៍កំពុងពន្លឿនការវិវឌ្ឍទៅមុខ   ស្ថានការណ៍ភូមិសាស្ត្រនយោបាយមានភាពតានតឹង ហើយការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ។ ទន្ទឹមនឹងនោះ  បដិវត្តន៍បច្ចេកវិទ្យានិងនវានុវត្តន៍ឧស្សាហកម្មជុំថ្មីបាននិងកំពុងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី។ ពិភពលោកត្រូវការបរិយាកាសប្រកបដោយសន្តិភាពនិងសុខសាន្តត្រាណនិងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរួម។ ដោយឈរលើមូលដ្ឋាននៃបទពិសោធន៍ដ៏ជោគជ័យកន្លងមក  ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននាពេលអនាគត នឹងមានសមត្ថភាពនាំមកនូវឱកាសថ្មីកាន់តែច្រើនដល់ពិភពលោកទាំងមូល។

     ជាបឋម ឱកាសគឺបានមកពីទស្សនៈអំពី"សន្តិភាព"។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាព  ហើយការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពពិភពលោក។

ឱកាសក៏បានស្ថិតនៅត្រង់ថា ការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា។កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា  ប្រទេសចិននឹងកែលម្អប្រព័ន្ធរបបនិងយន្តការបើកចំហចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់និងកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់។

     ក្នុងពេលជាមួយគ្នានេះ  ការធ្វើទំនើបកម្មតាមបែបផែនចិនក៏នឹងជំរុញយ៉ាងខ្លាំងដល់ការកែលម្អអភិបាលកិច្ចសកលផងដែរ។ប្រឈមមុខនឹងវិបត្តិសកលជាច្រើនដូចជាអតុល្យភាពនៃការអភិវឌ្ឍសកល  ការរីករាលដាលនៃអនុត្តរភាពដោយឯកតោភាគីនិងបញ្ហាប្រឈមខាងអេកូឡូស៊ីមានភាពកាន់តែធ្ងន់ធ្ងរជាដើម  ប្រទេសចិនសម្គាល់ឃើញជានិច្ចថា កិច្ចការលើផ្ទៃអន្តរជាតិគួរត្រូវដោះស្រាយដោយអ្នកទាំងអស់គ្នាតាមរយៈការពិគ្រោះពិភាក្សា ហើយអភិបាលកិច្ចសកលគួរអនុវត្ត"ពហុភាគីនិយមដ៏ពិតប្រាកដ"។

      ឆ្លងកាត់រយៈពេល៧៥ឆ្នាំ  ពេលវេលានឹងបន្តបញ្ជាក់ទៀតថា  អ្វីដែលប្រទេសចិនស្វែងរកនោះ  មិនមែនជាការធ្វើទំនើបកម្មដែលយកសុខតែខ្លួនឯងនោះទេ   ចិនរីករាយរួមជាមួយបណ្តាប្រទេសនានា ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្មពិភពលោកដែលទទួលការអភិវឌ្ឍប្រកបដោយសន្តិភាព  កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងវិបុលភាពរួម៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស