ករណីសហភាពអឺរ៉ុបបើកការស៊ើបអង្កេតចំពោះការប្រឆាំងនឹងឧបត្ថម្ភកធននៃរថយន្តអគ្គិសនីចិនទទួលបានការវិវឌ្ឍថ្មី ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg របស់អាមេរិកកាលពីថ្ងៃទី២៨ខែកញ្ញាឱ្យដឹងថា បន្ទាប់ពីការពន្យារពេល សហភាពអឺរុបគ្រោងធ្វើការបោះឆ្នោតលើសេចក្តីសម្រេចចិត្តអំពីការដំឡើងពន្ធគយលើរថយន្តអគ្គិសនីរបស់ចិននៅថ្ងៃទី៤ខែតុលាខាងមុខនេះ ។ បច្ចុប្បន្ននេះ តំណាងចិននិងអឺរ៉ុបកំពុងពិគ្រោះពិភាក្សាជាបន្ទាន់នៅក្រុងព្រុចសែល ដើម្បីស្វែងរកពីដំណោះស្រាយផ្សេងទៀតដើម្បីជំនួសការដំឡើងពន្ធគយ ។
តាមរបៀបវារៈពិភាក្សានៃសហភាពអឺរ៉ុប ប្រសិនបើមានរដ្ឋសមាជិកចំនួន១៥បោះឆ្នោតប្រឆាំង នោះ ផែនការដំឡើងពន្ធគយនឹងត្រូវផ្អាក ។ បើពុំនោះសោត សហភាពអឺរ៉ុបនឹងដំឡើងពន្ធគយពី៧,៨ភាគរយដល់៣៥,៣ភាគរយចំពោះរថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិនលើមូលដ្ឋាននៃស្តង់ដាពន្ធគយចំនួន១០ភាគរយនៃការនាំចូលរថយន្ត ។
បច្ចុប្បន្ននេះ ផ្ទៃក្នុងនៃសហភាពអឺរ៉ុបមានការខ្វែងគំនិតលើបញ្ហាដំឡើងពន្ធគយលើរថយន្តអគ្គិសនីរបស់ចិន ។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ឱ្យដឹងថា ប្រទេសអាល្លឺម៉ង់និងអេស្ប៉ាញជាដើមបានព្រមានកុំឱ្យដំឡើងពន្ធគយ ពីព្រោះវាប្រហែលនឹងបណ្តាលឱ្យកើតមាន “សង្គ្រាមពាណិជ្ជកម្ម” ។ ប៉ុន្តែប្រទេសអ៊ីតាលីនិងដាណឺម៉ាកជាដើមបានគាំទ្រវិធានការនេះ ៕