ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងអស់រយៈពេល៧៥ឆ្នាំ ហេតុអ្វីបានជាចិនអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោក?
2024-09-30 11:08:41cri
Share with:

គម្រោងស្តីពីខ្សែក្រវាត់និងផ្លូវទាំងអស់នាពេលបច្ចុប្បន្នសុទ្ធតែនឹងគិតពិចារណាដល់និរន្តរភាព និងប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងហិរញ្ញវត្ថុបៃតង ។ ក្នុងវេទិកាពាណិជ្ជកម្មនិងវិនិយោគស្តីពីខ្សែក្រវាត់និងផ្លូវឆ្នាំ២០២៤ដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Peter Burnett ប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអង់គ្លេសនិងចិនបានថ្លែងដូចខាងលើនេះ ។ ភ្ញៀវកិត្តិយសរបស់ប្រទេសនានានាំគ្នាថ្លែងថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវមានប្រភពនៅប្រទេសចិន ដែលផ្តល់ផលប្រយោជន៍និងឱកាសដល់ពិភពលោក ។

ឆ្នាំនេះជាខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ រយៈពេល៧៥ឆ្នាំនេះ ជាសក្សីនៃអច្ឆរិយនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ចិន ហើយក៏ជាសក្សីនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះរវាងចិននិងពិភពលោកផងដែរ ។ ពីឆ្នាំ១៩៧៩ដល់ឆ្នាំ២០២៣ កំណើនជាមធ្យមក្នុងមួយឆ្នាំនៃសេដ្ឋកិច្ចចិនគឺ៨,៩ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនជាមធ្យមចំនួន៣ភាគរយនៃសេដ្ឋកិច្ចពិភពលោកយ៉ាងច្រើនក្នុងពេលដំណាលគ្នា ។ ជាពិសេសគឺក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ អត្រារួមចំណែកជាមធ្យមរបស់ចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកគឺលើសពី៣០ភាគរយ ។ ចិនក៏បានដោះស្រាយបញ្ហាក្រីក្រដាច់ខាតជាប្រវត្តិសាស្ត្រនិងកសាងបានសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយផងដែរ ។ បើតាមស្តង់ដារនៃធនាគារពិភពលោក ចាប់ពីអនុវត្តគោលនយោបាយកំណេទម្រង់និងបើកទូលាយមក ចំនួនប្រជាជនចិនដែលត្រូវបានកាត់បន្ថយភាពក្រីក្រមានចំនួនលើសពី៧០ភាគរយនៃចំនួនប្រជាជនដែលត្រូវបានកាត់បន្ថយភាពក្រីក្រនៅទូទាំងពិភពលោកក្នុងពេលដំណាលគ្នា ដែលពន្លឿនដំណើរកាត់បន្ថយភាពក្រីក្រទូទាំងពិភពលោកយ៉ាងខ្លាំង ។ 

ឆ្លងកាត់បម្រែបម្រួលយ៉ាងខ្លាំងអស់រយៈពេល៧៥ឆ្នាំ ហេតុអ្វីបានជាចិនអាចផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយពិភពលោក? ពីព្រោះ ជានិច្ចកាលចិនតែងតែដាក់ខ្លួនក្នុងចរន្តអភិវឌ្ឍន៍នៃមនុស្សជាតិ ដែលធ្វើអន្តរកម្មដ៏ល្អប្រសើរនិងទទួលការអភិវឌ្ឍរួមជាមួយពិភពលោក ដើម្បីជំរុញប្រព័ន្ធអភិបាលកិច្ចសកលរីកចម្រើនទៅកាន់ទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល ។

ចិនសម្រេចបាននូវការអភិវឌ្ឍរបស់ខ្លួនតាមរយៈកំណែទម្រង់និងការបើកទូលាយ ព្រមពេលជាមួយគ្នានេះក៏បានជំរុញវិបុលភាពនិងស្ថិរភាពរបស់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួនដែរ ដែលក្លាយជាម៉ាស៊ីនលំនឹងនិងប្រភពកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចសកល ។ ក្នុងនោះ ទីផ្សារ ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ការច្នៃប្រឌិតថ្មី និងការវិនិយោគជាពាក្យគន្លឹះសំខាន់សម្រាប់ស្វែងយល់ពី កាលានុវត្តភាពចិន ។

ទីផ្សារជាធនធានដែលកម្រមានបំផុត ។ ចិនដែលជាទីផ្សារមានទ្រង់ទ្រាយធំធេងនេះបានទាក់ទាញសហគ្រាសបរទេសកាន់តែច្រើនឡើងៗទៅវិនិយោគនិងធ្វើអាជីវកម្ម ។ ជាពិសេសគឺក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ ចិនបានអនុវត្តយុទ្ធសាស្ត្រពង្រីកតម្រូវការផ្ទៃក្នុងយ៉ាងស៊ីជម្រៅ តួនាទីជា ក្បាលម៉ាស៊ីនដ៏សំខាន់ ដែលធ្វើឱ្យការប្រើប្រាស់ជំរុញកំណើនសេដ្ឋកិច្ចមានភាពកាន់តែលេចធ្លោ ។ នៅឆ្នាំ២០២៣ សហគ្រាសទុនបរទេសដែលប្រទេសចិនបង្កើតថ្មីមានចំនួន៥៣៧៦៦ ដែលកើនឡើង៣៩,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ទំហំប្រើប្រាស់ទុនបរទេសជាក់ស្តែងមានតម្លៃ១,១៣ទ្រីលានយាន់ប្រាក់ចិន ដែលមានទ្រង់ទ្រាយកាន់លំដាប់ថ្នាក់ទីពីរលើទូទាំងពិភពលោក ។ ព្រមពេលជាមួយគ្នានេះ ការវិនិយោគរបស់ចិននៅបរទេសបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។ នៅឆ្នាំ២០២៣ ទំហំវិនិយោគផ្ទាល់របស់ចិននៅបរទេសមានតម្លៃ១សែន៧ម៉ឺន៧ពាន់២៩០លានដុល្លារអាមេរិក ត្រូវជា១១,៤ភាគរយនៃទូទាំងពិភពលោក ដែលឈរនៅលំដាប់៣លេខខាងមុខលើពិភពលោកក្នុងរយៈពេល១២ឆ្នាំជាប់ៗគ្នា ហើយមានចំណែកទីផ្សារលើសពី១០ភាគរយលើទូទាំងពិភពលោកក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នា ។ បើមើលពីចក្ខុវិស័យកាន់តែទូលំទូលាយ ចិននិងពិភពលោកផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏បានបង្ហាញនៅត្រង់ការចូលរួមអភិបាលកិច្ចសកលយ៉ាងស៊ីជម្រៅនិងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយផងដែរ ។

ការអភិវឌ្ឍរបស់ចិនគឺមិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏មិនអាចឃ្លាតពីចិនផងដែរ ។ ហេតុផលដ៏សាមញ្ញនេះត្រូវបានបញ្ជាក់ដោយប្រវត្តិសាស្ត្ររយៈពេល៧៥ឆ្នាំរួចហើយ ហើយក៏នឹងបន្តទទួលបានការបញ្ជាក់នៅពេលអនាគតដែរ ។ ប្រទេសចិនដែលពង្រីកការបើកទូលាយជាបន្តបន្ទាប់ កំពុងមានបម្រែបម្រួលថ្មីគ្រប់ពេលវេលា ដែលសុទ្ធតែបាននាំមកនូវកាលានុវត្តភាពថ្មីដល់ពិភពលោក ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស