សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ដែលរហូតដល់បច្ចុប្បន្នមានរយៈពេល ៧៥ ឆ្នាំហើយ ដោយប្រទេសចិនបានប្រែក្លាយខ្លួនពីប្រទេសស្ថិតក្រោមការត្រួតត្រារបស់បរទេស មកក្លាយជាប្រទេសមហាអំណាចដ៏មានឥទ្ធិពលនៅលើពិភពលោក។
ការរីកចម្រើនរបស់សាធារណរដ្ឋប្រជាមានិតចិនត្រូវបានមើលឃើញថាកើតចេញពីការកែទម្រង់ ពីប្រព័ន្ធសេដ្ឋកិច្ចផែនការ មកកាន់សេដ្ឋកិច្ចទីផ្សារសេរី ដោយលោក តេង ស៊ាវភីវ ជាបិតាកែទម្រង់សេដ្ឋកិច្ចរបស់ចិននៅឆ្នាំ១៩៧៨ ។ លោកតេង ស៊ាវភីង បានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តចិន គឺការផ្លាស់ប្តូរពីការអនុវត្តសេដ្ឋកិច្ចតាមបែបកុម្មុយនិស្ត ទៅជាសេដ្ឋកិច្ចបើកចំហតាមបែបទីផ្សារសេរីវិញម្តង ដោយលុបបំបាត់ចោលនូវរបបសមូហភាព និង បង្កើតឱ្យមានរបបកម្មសិទ្ធិឯកជនឡើងវិញយ៉ាងពេញលេញ ។ កំណែទម្រង់នេះ ត្រូវបានធ្វើឡើងចេញពីប្រជាកសិករចិនឱ្យមានសិទ្ធិពេញលេញក្នុងការធ្វើកសិកម្មជាលក្ខណៈឯកជន ហើយលើសពីនេះទៅទៀត ប្រជាជនចិនម្នាក់ៗ មានសិទ្ធិបោះទុនរកស៊ី បង្កើតជាក្រុមហ៊ុនសហគ្រាសជាលក្ខណៈឯកជនសុទ្ធសាធ ដែលជារឿងមិនធ្លាប់មានចាប់តាំងពីបក្សកុម្មុយនិស្តឡើងកាន់អំណាចកាលពីឆ្នាំ១៩៤៩ ។ វិស័យវិនិយោគនេះ មិនត្រឹមតែបើកចំហសម្រាប់ប្រជាជនចិនជាលក្ខណៈបុគ្គលបែបនេះទេ តែក៏បានបើកចំហយ៉ាងទូលំទូលាយផងដែរ ទៅដល់វិនិយោគិនបរទេស ហើយដើម្បីទាក់ទាញវិនិយោគបរទេសនេះ តំបន់សេដ្ឋកិច្ចពិសេសជាច្រើនត្រូវបានរដ្ឋាភិបាលក្រុងប៉េកាំងបង្កើតឡើងនៅតាមតំបន់ជាប់នឹងឆ្នេរសមុទ្រ ។ ក្នុងកំឡុងពេល ៤៦ ឆ្នាំចុងក្រោយនេះ បន្ទាប់ពីការចាប់ផ្តើមកែទម្រង់សេដ្ឋកិច្ច សាធារណរដ្ឋប្រជាមានិតចិនបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រទេសចិនមិនបានប្រឡូកចូលក្នុងជម្លោះភូមិសាស្រ្តនយោបាយ និង មិនបានបង្កឱ្យមានភាពតានតឹងលើសកលលោក ដូចប្រទេសមហាអំណាចផ្សេងៗទេ។ សកម្មភាពនេះ ត្រូវបានគេឱ្យឈ្មោះប្រទេសចិនថា ជា «នាគដេក»។ក្រោយពីមានកម្មវិធីកែទម្រង់ៗជាច្រើនលើកច្រើនសារ សេដ្ឋកិច្ចរបស់សាធារណរដ្ឋប្រជាមានិតចិនបានងើបឡើងជាបណ្តើរៗ រហូតដល់របបក្រោមការដឹករបស់លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិនក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយនៅលើសាកលលោក តាមរយៈការដាក់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ការបើកចំហរកម្រិតខ្ពស់ និង ការកែទម្រង់កម្រិតខ្ពស់តាមបែបចិន ដែលបានធ្វើឱ្យសាធារណរដ្ឋប្រជាមានិតចិន បានក្លាយខ្លួនជាសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់តែមួយគត់នៅលើសាកលលោក។
តាមរយៈការលើកកម្ពស់វិស័យអប់រំ និង ប្រព័ន្ធអប់រំរបស់សាធារណរដ្ឋចិន បានលើកម្ពស់គុណភាពនៃការបណ្តុះបណ្តាលតាមសាលារៀន និង សកលវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស ជាពិសេសវិស័យបច្ចេកទេស និង បច្ចេកវិទ្យាឌីជីថល ដែលឱ្យសាធារណរដ្ឋប្រជាមានិតចិនបង្កើតបាននូវកម្លាំងផលិតភាពថ្មី (New Productive Force)។ ទស្សនទាននៃទម្រង់ថ្មីនៃកម្លាំងផលិតភាព ត្រូវបានដាក់ក្នុងរបៀបវារៈនយោបាយ និង ការដឹកនាំថ្មីរបស់ចិន ដោយផ្តោតសំខាន់លើការអភិវឌ្ឍជាបន្តបន្ទាប់លើវិស័យបច្ចេកវិទ្យា ដើម្បីជំរុញនវានុវត្តន៍នៃវិស័យឧស្សាហកម្ម និង ព័ត៌មានវៃឆ្លាត ។ ការបង្កើតចលករថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ក៏ត្រូវបានដាក់ក្នុងគោលនយោបាយកែទម្រង់ស៊ីជម្រៅកម្រិតខ្ពស់នៅប្រទេសចិន ដែលកើតចេញពីកម្លាំងផលិតភាពថ្មី បានជំរុញឱ្យវិស័យឧស្សាហកម្ម និង បច្ចេកវិទ្យាឌីជីថលនៅប្រទេសចិនកាន់តែរឹងមាំ និង មានសំទុះខ្លាំង។ ជាមួយនឹងការពង្រឹងកម្លាំងផលិតភាពថ្មី ការបើកចំហរស៊ីជម្រៅ កម្រិតខ្ពស់ និង ពង្រឹងនិរន្តរភាពដំណើរការនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និង វិនិយោគបរទេស តាមរយៈការលុបបំបាត់នូវរបាំងវិនិយោគបរទេសទាំងអស់ចេញ។
ភាពរុងរឿងរបស់ចិននៅពេលនេះ ត្រូវបានពិភពលោកមើលឃើញថា ជាមេរៀន និង ជាគំរូមួយ សម្រាប់លើកកម្ពស់ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច និង កំណើនប្រកបដោយបរិយាបន្ន ជាពិសេស ម៉ូឌែលនៃទម្រង់ថ្មីនៃកម្លាំងផលិតភាព ចលករថ្មីក្នុងផលិតកម្ម ។ ការរីកចម្រើនរបស់ចិនចាត់ទុកថាជាស្នាដៃដ៏ធំមហិមា សម្រាប់ពិភពលោកក្នុងការបង្កើតនូវម៉ូឌែលសេដ្ឋកិច្ចនិងការអភិវឌ្ឍថ្មី ជាសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់ ដែលមានឧត្តមភាពប្រកួតប្រជែងខ្ពស់ សម្រាប់ការប្រកួតប្រជែងជាសាកល ៕
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា