កាលពីថ្ងៃទី២៨ខែកញ្ញា ខុទ្ទកាល័យសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ក្រសួងការងាររណសិរ្សរួបរួមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ការិយាល័យកិច្ចការអាណិកជនចិននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ការិយាល័យកិច្ចការតំបន់ហុងកុងនិងម៉ាកាវនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ការិយាល័យកិច្ចការតំបន់តៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងសមាគមន៍កិច្ចការអាណិកជនចិនរបស់ចិនបានសហការរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី៧៥នៃសាធារណរដ្ឋប្រជាមានិតចិននៅវិមានសភាប្រជាជន ។ លោក Wang Huning សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថា ។
លោក Wang Huning បានថ្លែងថា ក្នុងរយៈពេល៧៥ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនីស្តចិនបានដឹកនាំប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិនឱ្យរួមសាមគ្គីគ្នា ត្រួសត្រាយផ្លូវអភិវឌ្ឍន៍ដ៏មហិមា បង្កើតបុព្វហេតុដ៏មហិមានិងទទួលបានសមិទ្ធផលដ៏មហិមា ។ ចាប់ពីចូលយុគសម័យថ្មីមក ក្រោមការដឹកនាំយ៉ាងមុតមាំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ការងារបក្សនិងរដ្ឋទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងមានបម្រែបម្រួលជាប្រវត្តិសាស្ត្រ ។ ប្រទេសចិនចាប់ផ្តើមឈានចូលដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញបានឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងដែលមិនធ្លាប់មានពីមុន ។
លោក Wang Huning បានលើកឡើងបន្តថា ចិនបានប្រកាន់ខ្ជាប់ការចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាការណែនាំ ប្រកាន់ខ្ជាប់មហាសាមគ្គីភាពនិងមហារួបរួម ពង្រឹងនិងអភិវឌ្ឍរណសិរ្សរួបរួមស្នេហាជាតិដ៏ទូលំទូលាយបំផុត ដើម្បីប្រមូលផ្តុំចិត្តគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ប្រមូលផ្តុំតម្រិះប្រាជ្ញានិងកម្លាំងកាយដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ៕