កាលពី ២១ ឆ្នាំមុន ពិព័រណ៏អាស៊ាន-ចិនត្រូវបានបង្កើតឡើងនៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីឆ្លើយតបនឹងនិន្នាការនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ នាពេលបច្ចុប្បន្ន ពិព័រណ៍មួយនេះបានវិវត្តន៍ខ្លួនទៅជាវេទិកាតំបន់ដ៏មានឥទ្ធិពល សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលលំហូរពាណិជ្ជកម្មឆ្លងប្រទេស។
តាមរយៈពិព័រណ៍នេះ ធុរជនមកពីតំបន់ទាំងពីរអាចតភ្ជាប់ទំនាក់ទំនង ពង្រីកទីផ្សារផលិតផល បង្កើតភាពជាដៃគូយូរអង្វែង និងស្វែងរកកាលានុវត្តន៍ភាពថ្មី ក្នុងការពង្រឹងកិច្ចសហ្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ នៅឆ្នាំនេះ ក្រុមហ៊ុនប្រមាណជាង ២,០០០ បានចូលរួមការតាំងពិរព័រណ៍អាស៊ាន-ចិន ក្រោមមូលបទ «ការប្រកាន់ខ្ជាប់នូវមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្នសម្រាប់ការអភិវឌ្ឍរួម» និងដាក់បង្ហាញផលិតផល និងរបកគំហើញថ្មីៗលើវិស័យនានារួមមាន៖ សេដ្ឋកិច្ចឌីជីថល យានយន្តប្រើប្រាស់ថាមពលបង្កើតថ្មី និងបច្ចេកវិទ្យាបញ្ចេញកាបូនទាបជាដើម។
លើសពីការដាក់តាំងផលិតផល វេទិកាប្រចាំឆ្នាំមួយនេះក៏បានផ្តល់កាលានុវត្តន៍ថ្មីៗដល់ថ្នាក់ដឹកនាំ និងអ្នកធ្វើគោលនយោបាយមកពីតំបន់ទាំងពីរ អាចចូលរួមក្នុងកិច្ចសន្ទនា និងផ្លាស់ប្តូរទស្សនៈគ្នាលើការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការពហុវិស័យរួមមាន៖ សេដ្ឋកិច្ច នយោបាយ និងបចេ្ចកវិទ្យា។ ជាក់ស្តែងថ្នាក់ដឹកនាំចិន និងបរទេស មន្ត្រីរដ្ឋាភិបាល សហគ្រិន អ្នកប្រាជ្ញ និងអ្នកតំណាងមកពីអង្គការអន្តរជាតិប្រមាណជាង ១,១០០ នាក់ បានអញ្ជើញចូលរួមពិធីបើកនៃពិព័រណ៍នេះ ហើយការជួបជុំគ្នាលើកនេះនឹងចាក់បញ្ចូលនូវកម្លាំងជំរុញថ្មី សម្រាប់កិច្ចសន្ទនា ភាពជាដៃគូ និងកិច្ចសហការគ្នា ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ឱ្យទទួលបានលទ្ធផលថ្មីៗថែមទៀត។
ខណៈពិភពលោកកំពុងប្រឈមមុខនឹងកំណើនយឺត ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងគោលនយោយបាយគាំពារនិយម ពិព័រណ៍អាស៊ាន-ចិនបានបន្តដើរតួនាទីជាយន្តការដ៏មានសារៈសំខាន់ ក្នុងការគាំទ្រដល់ការធ្វើពាណិជ្ជកម្មសេរី និងសកលភាវូបនីយកម្ម។ ជាក់ស្តែង ប្រទេសចិនក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ានរយៈពេល ១៥ ជាប់គ្នា ហើយអាស៊ានក៏បានក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនចាប់ពីឆ្នាំ២០២០។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិន និងអាស៊ានបានកើនឡើងដល់ ៦៩៦,៧ ពាន់លានដុល្លារ រីឯការវិនិយោគផ្ទាល់ពីបរទេសចិនក្នងអាស៊ានបានកើនឡើងដល់ ១៧,៣ ពាន់លានដុល្លារ នៅឆ្នាំ២០២៣។ តួរលេខនេះបានបញ្ជាក់យ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងតំបន់ទាំងពីរ។
ការរៀបចំជាទៀងទាត់នូវព្រឹត្តិការណ៍ប្រចាំនេះ ក៏បានអនុញ្ញាតឱ្យអាស៊ាន និងចិនអាចជំរុញកិច្ចសហប្រតិបត្តិការរបស់ខ្លួនឱ្យឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងយុគសម័យថ្មី។ ទំនើបកម្មរបស់ចិននាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននាំមកនូវឱកាសមហាសាលសម្រាប់ពិភពលោក និងតំបន់ ជាពិសេសអាស៊ានដែលអាចនាំចេញទំនិញជាច្រើនប្រភេទរួមទាំងកសិផលទៅកាន់ទីផ្សារចិន ដែលមានប្រជាជនជាង ១,៤ ពាន់លាននាក់។ ជាក់ស្តែង កម្ពុជាបាននាំចេញកសិផលមួយចំនួនធំទៅកាន់ទីផ្សារចិន រួមមានដូចជាអង្ករ គ្រាប់ស្វាយចន្ទី ផ្លែមៀន ដូង កៅស៊ូ និងចេក។ល។ ការណ៍នេះបានអនុញ្ញាតឱ្យកម្ពុជាអាចធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងបង្កើតឱកាសការងារជាច្រើនពាន់កន្លែងដល់ប្រជាជនខ្លួន។
ទោះបីទិដ្ឋភាពនៃពាណិជ្ជកម្មអន្តរជាតិនាពេលខាងមុខមានការប្រែប្រួលយ៉ាងណា ពិព័រណ៍អាស៊ាន-ចិននៅតែជាវេទិកាមួយដ៏សំខាន់បម្រើដល់ការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសរវាងអាស៊ាន និងចិន។ ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការជឿជាក់គ្នាទៅវិញទៅមក ជាមួយនឹងវត្តមាននៃពិព័រណ៍អាស៊ាន-ចិន ភាគីទាំងពីរនឹងអាចរួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ សំដៅនាំមកនូវប្រយោជន៍រួមដល់ប្រជាជនតំបន់ទាំងពីរ និងបង្កើតនូវវឌ្ឍនភាពសេដ្ឋកិច្ចថ្មីៗដល់តំបន់ និងពិភពលោកទាំងមូល។
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា