នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេស BRICS នៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
លោក Wang Yi បានលើកឡើងថា ស្ថានការណ៍អន្តរជាតិកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ពិភពលោកកំពុងបាត់បង់របៀបរៀបរយ កំណើនសេដ្ឋកិច្ចកំពុងបាត់បង់ល្បឿន ការអភិវឌ្ឍកំពុងប្រឈមមុខនឹងបញ្ហាអតុល្យភាព ហើយអភិបាលកិច្ចកំពុងបាត់បង់ចំណុចសំខាន់ ។ ក្នុងនាមជាអ្នកនាំមុខនៃប្រទេស"សកលខាងត្បូង" ប្រទេស BRICS ត្រូវផ្តួចផ្តើមឱ្យមានសន្តិសុខរួមដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ត្រូវប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជាអាទិភាពនិងដោះស្រាយបញ្ហាពិបាកក្នុងការអភិវឌ្ឍ ត្រូវអនុវត្តតាមពហុភាគីនិយមនិងធ្វើឱ្យមានសុក្រឹតភាពនូវអភិបាលកិច្ចសកល ។
លោក Wang Yi បានថ្លែងថា ប្រទេស BRICS នឹងប្រារព្ធធ្វើកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីបានពង្រីករដ្ឋសមាជិកដែលបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ពិភពលោកទាំងមូលនិងមានសារសំខាន់ណាស់ ។ យើងត្រូវចាប់ជាប់ឱ្យបានល្អនូវឱកាសមួយនេះ ដែលបានបញ្ចេញសំឡេងយុគសម័យដ៏ខ្លាំងរបស់ប្រទេស BRICS ស្តីពីការគាំពារសមភាពនិងយុត្តិធម៌និងជំរុញការអភិវឌ្ឍរួមដើម្បីធានាជាក់លាក់ឱ្យ"កិច្ចសហប្រតិបត្តិការប្រទេស BRICS "សម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ ៕