កាលពីថ្ងៃទី២៧ខែកញ្ញា ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅក្រុងសៀងហៃ ។ លោក Shen Haixiong អនុរដ្ឋមន្រ្តីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានអញ្ជើញចូលរួមសកម្មភាពនេះ ។
លោក Shen Haixiong បានថ្លែងសុន្ទរកថាថា ក្រោមការណែនាំនៃគំនិតវប្បធម៌របស់លោក Xi Jinping អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាត់ទុកខួបទី៦០នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងបារាំងនិងឆ្នាំបើកការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសជាឱកាស រួមជាមួយគណៈកម្មាធិការអូឡាំពិកនិងកីឡាជាតិបារាំងនិងសម្ព័ន្ធកីឡាបាល់ទាត់អាជីពរបស់បារាំងជាដើម ចាប់ដំណើរការពិព័រណ៍សិល្បៈចិនឈ្មោះ“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ដំណើរកីឡាអូឡាំពិករបស់សិល្បករចិននិងបារាំង”ដើម្បីបង្ហាញពីខ្លឹមសារដ៏ជ្រាលជ្រៅនៃវប្បធម៌របស់ចិននិងភាពរស់រវើករបស់ចិនក្នុងយុគសម័យថ្មី ។ សកម្មភាពនេះទទួលបានការឆ្លើយតបយ៉ាងខ្លាំងក្លាពីសំណាក់អ្នកនយោបាយសំខាន់ៗ មជ្ឈដ្ឋានវប្បធម៌និងសិល្បៈបារាំងព្រមទាំងទស្សនិកជនបរទេស ក៏ដូចជាបំផុសគំនិតដូចគ្នាខាងវប្បធម៌ដែលមានភាពចុះសម្រុងគ្នានិងស៊ីសង្វាក់គ្នា ។
លោក Shen Haixiong បានថ្លែងថា ពិព័រណ៍លើកនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសិល្បករក្រុងសៀងហៃចំនួន១២រូប ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈឆ្លងតាមសកម្មភាពនេះ រួមជាមួយសិល្បករគ្រប់រូបពួតដៃគ្នាចេញដំណើរម្ដងទៀត ដើម្បីរួមចំណែកជាកម្លាំងសិល្បៈក្នុងការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ៕