ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបសំណេះសំណាលជាមួយឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់សហរដ្ឋអាមេរិក
2024-09-27 10:19:44cri
Share with:

        ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅក្រុងញូវយ៉ក  លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសំណេះសំណាលនិងផ្លាស់ប្តូរមតិយោបល់ជាមួយសមាជិកនៃគណៈកម្មាធិការទំនាក់ទំនងអាមេរិក-ចិន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន សភាពាណិជ្ជកម្មអាមេរិក សមាគម Aspen សហព័ន្ធអាស៊ី និងគណៈកម្មាធិការទំនាក់ទំនងជាមួយក្រៅប្រទេសរបស់អាមេរិក ។

        ថ្លែងក្នុងពិធីសំណេះសំណាល លោក Wang Yi បានលើកឡើងថា ឆ្នាំនេះជាខួបទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអាមេរិក ។ ការបំផុសគំនិតសំខាន់ជាងគេ  គឺប្រទេសទាំងពីរគួរធ្វើជាដៃគូនឹងគ្នា តែមិនមែនគូប្រជែងនោះទេ គួរជួយគ្នាទៅវិញទៅមក តែមិនមែនប្រកួតប្រជែងក្នុងចរិតអាក្រក់នោះទេ គួរនិយាយម៉ាត់ណា ម៉ាត់ហ្នឹង ដើម្បីទទួលបានផ្លែផ្កា តែមិនមែននិយាយផ្សេងធ្វើផ្សឹងនោះទេ ។

        លោក Wang Yi បានថ្លែងទៀតថា ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសនិ្តសុខអង្គការសហប្រជាជាតិនិងជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរនៅលើពិភពលោក ជាបឋម  ចិននិងអាមេរិកត្រូវខិតខំប្រឹងប្រែងជំរុញឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយភាពល្អប្រសើរ ស្ថិរភាពនិងជានិរន្តរភាព ហើយត្រូវរួមសហការជាមួយសហគមន៍អន្តរជាតិ ឆ្លើយតបឱ្យបានល្អនូវការប្រឈមជាសកលដែលបានកើតឡើងជាបន្តបន្ទាប់ក្នុងពិភពលោកនាពេលបច្ចុប្បន្ន  ។ រំពឹងទុកថា ឥស្សរជនគ្រប់មជ្ឈដ្ឋានរបស់អាមេរិកនឹងធ្វើកិច្ចខិតខំប្រឹងប្រែង ក្នុងន័យរួមចំណែកដើម្បីកែលម្អនិងអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិក ។

        ជាការឆ្លើយតប ឥស្សរជនអាមេរិកបានថ្លែងថា ទំនាក់ទំនងរវាងអាមេរិកនិងចិនមានសារសំខាន់ណាស់ចំពោះប្រទេសទាំងពីរ និងពិភពលោក ខណៈពេលជួបលំបាកកាន់តែខ្លាំង  គឺកាន់តែត្រូវបង្កើនការផ្លាស់ប្តូរទល់មុខគ្នា ។ សហគ្រាសអាមេរិកនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតរបស់ចិន ហើយរីករាយក្តាប់ជាប់ឱកាស ដើម្បីពង្រឹងអាជីវកម្មក្នុងទីផ្សារចិនថែមទៀត ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស