ថ្ងៃទី២៥ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខស្តីពី"ការបង្ហាញពីភាពជាអ្នកដឹកនាំដើម្បីសន្តិភាព"នៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិក្រុងញូយ៉ក។
លោក Wang Yi បានថ្លែងថា ជានិច្ចកាលសន្តិភាពតែងតែជាក្តីរំពឹងទុកយ៉ាងជ្រាលជ្រៅរបស់សង្គមមនុស្សជាតិ។ ពិភពលោកសព្វថ្ងៃនេះនៅតែមិនសូវមានសន្តិភាពទេ ដូច្នេះ ការសម្រេចបាននូវបុព្វហេតុនៃសន្តិភាពអន្តរជាតិនៅតែមានភារកិច្ចធ្ងន់និងផ្លូវវែងឆ្ងាយដដែល។ ដើម្បីសន្តិភាព ពួកយើងត្រូវប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខដ៏ត្រឹមត្រូវ ដើម្បីសន្តិភាព ពួកយើងត្រូវប្រកាន់ខ្ជាប់នូវសមភាពនិងយុត្តិធម៌អន្តរជាតិ ដើម្បីសន្តិភាព ពួកយើងត្រូវប្រកាន់ខ្ជាប់នូវដំណោះស្រាយតាមផ្លូវនយោបាយនិងការទូត ដើម្បីសន្តិភាព ត្រូវជំរុញការអភិវឌ្ឍរួមជានិរន្តរភាព។
លោក Wang Yi បានថ្លែងទៀតថា ក្នុងបញ្ហាសន្តិភាព និងសន្តិសុខ ប្រទេសចិនជាប្រទេសធំដែលមានកំណត់ត្រាល្អបំផុតលើពិភពលោក ហើយក៏ជាប្រទេសសំខាន់តែមួយគត់ដែលបានដាក់បញ្ចូលការប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាពទៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ហើយបានរួមចំណែកដល់ការថែរក្សាសន្តិភាពពិភពលោក តាមរយៈសកម្មភាពជាក់ស្តែង។ ឆ្នាំនេះគឺជាខួបលើកទី ៧០ នៃការដាក់ចេញគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសនានាដើម្បីផ្សព្វផ្សាយស្មារតីនៃគោលការណ៍មួយនេះនិងរួមគ្នាកសាងពិភពលោកដ៏ស្រស់ស្អាតដែលប្រកបដោយសន្តិភាពយូរអង្វែង និងសន្តិសុខជាទូទៅ៕