នៅម៉ោង ៣:៣០ ទៀបភ្លឺ ថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្រុងប៉េកាំង ខណៈដែលរថយន្តពិសេសដឹកខ្លាឃ្មុំផេនដាឈ្មោះ"អានអាន" និង "ខឺខឺ" បានចេញពីមូលដ្ឋាន Dujiangyan នៃមជ្ឈមណ្ឌលអភិរក្សនិងសិក្សាស្រាវជ្រាវខ្លាឃ្មុំផេនដាចិន ខ្លាឃ្មុំផេនដាយក្ស "អាន អាន" និង "ខឺខឺ" បានចេញដំណើរទៅកាន់ឧទ្យានសមុទ្រហុងកុងជាផ្លូវការ ដើម្បីតាំងទីលំនៅទីនោះ ។ ពួកវាចុះនៅអាកាសយានដ្ឋានអន្តរជាតិហុងកុងនៅម៉ោងប្រហែល ១១ ព្រឹកថ្ងៃដដែលនោះ ហើយទទួលបានការស្វាគមន៍និងពរជ័យពីជនរួមជាតិហុងកុងនៅព្រលានយន្តហោះ ។
ខ្លាឃ្មុំផេនដាឈ្មោះ"អានអាន" និង "ខឺខឺ" ដែលមកពីមជ្ឈមណ្ឌលអភិរក្សនិងសិក្សាស្រាវជ្រាវ ខ្លាឃ្មុំផេនដាប្រទេសចិន គឺជាខ្លាឃ្មុំផេនដាគូទី ៣ បន្ទាប់ពីខ្លាឃ្មុំផេនដាឈ្មោះ "អានអាន", "ជាក់ជាក់" , "ឡឺឡឺ" និង "យីងយីង" ដែលរដ្ឋាភិបាលមជ្ឈឹមចិនផ្តល់ជូនដល់តំបន់រដ្ឋបាលពិសេសហុងកុង ។ ចាប់ពីខែកក្កដាដល់ខែសីហាឆ្នាំ ២០២៤ នេះ លោក Lee Ka-chiu ប្រធានអភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងលោក Yang Runxiong នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍នៃតំបន់រដ្ឋបាលពិសេសហុងកុងបានដឹកនាំគណៈប្រតិភូទៅទស្សនាមជ្ឈមណ្ឌលអភិរក្សនិងសិក្សាស្រាវជ្រាវ ខ្លាឃ្មុំផេនដាប្រទេសចិនដោយឡែក ដើម្បីធ្វើការផ្លាស់ប្តូរឱ្យស៊ីជម្រៅនូវរឿងដែលខ្លាឃ្មុំផេនដាចំនួនពីរក្បាលត្រៀមធ្វើដំណើរទៅកាន់ហុងកុង ហើយបានពិគ្រោះពិភាក្សានិងយល់ព្រមនូវការងារគ្រប់ប្រការមុន ខ្លាឃ្មុំផេនដាទាំងពីរនេះចេញដំណើរទៅកាន់ទីក្រុងហុងកុង ។ ក្នុងអំឡុងពេលនេះ ខណៈពេលដែលឧទ្យានមហាសមុទ្រហុងកុងកំពុងជួសជុល និងកែលម្អផ្ទះខ្លាឃ្មុំផេនដា ឧទ្យានសមុទ្រហុងកុងក៏បានបញ្ជូនអ្នកជំនាញថែទាំចំនួន ៤ រូបទៅកាន់មជ្ឈមណ្ឌលខ្លាឃ្មុំផេនដា ចូលរួមចិញ្ចឹមថែទាំខ្លាឃ្មុំផេនដាទាំងពីរក្បាល ដើម្បីយល់ដឹងពីចរិតនិងទម្លាប់រស់នៅរបស់ខ្លាឃ្មុំផេនដាទាំងពីរក្បាល ។
ដើម្បីធានាបាននូវដឹកជញ្ជូនខ្លាឃ្មុំផេនដាចំនួនពីរក្បាលទៅកាន់ឧទ្យានសមុទ្រហុងកុងដោយមានសុវត្តិភាពនិងជោគជ័យ មជ្ឈមណ្ឌលខ្លាឃ្មុំផេនដាបានរៀបចំទំពាំង ឬស្សី ការ៉ុតនិងចំណីផ្សេងៗទៀត ក៏ដូចជាទឹក និងថ្នាំសង្កូវសម្រាប់ខ្លាឃ្មុំផេនដាទាំងពីរក្បាលនេះផងដែរ ។ ទន្ទឹមនឹងនេះ អ្នកថែទាំដែលមានបទពិសោធន៍និងពេទ្យសត្វ ក៏រួមដំណើរជាមួយខ្លាឃ្មុំផេនដាចំនួនពីរក្បាលនេះទៅកាន់ហុងកុងផងដែរ។ អ្នកជំនាញថែទាំ និងពេទ្យសត្វមកពីមជ្ឈមណ្ឌលខ្លាឃ្មុំផេនដានឹងស្នាក់នៅឧទ្យានមហាសមុទ្រហុងកុងមួយរយៈ ដើម្បីជួយខ្លាឃ្មុំផេនដាទាំងពីរនេះស៊ាំនឹងបរិវិណនៃផ្ទះថ្មីរបស់ពួកវាឱ្យបានឆាប់ ។
យោងតាមអ្នកជំនាញមកពីមជ្ឈមណ្ឌលអភិរក្សនិងសិក្សាស្រាវជ្រាវខ្លាឃ្មុំផេនដាចិន បានឱ្យដឹងថា តាំងពីខ្លាឃ្មុំផេនដា"អានអាន" និង "ជាក់ជាក់" ចេញពីមជ្ឈមណ្ឌលខ្លាឃ្មុំផេនដាទៅដល់ឧទ្យានសមុទ្រហុងកុងក្នុងឆ្នាំ ១៩៩៩ អ្នកជំនាញរបស់ភាគីទាំងពីរបានសហការគ្នាលើកិច្ចការដូចជា ការចិញ្ចឹមខ្លាឃ្មុំផេនដា ការបង្កាត់ពូជ និងការការពារ និងបង្ការជំងឺ ដោយបានសន្សំនូវបទពិសោធន៍ល្អៗ ហើយបានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រជាច្រើននិងទទួលបានសមិទ្ធផលជាផ្លែផ្កា ។
ជាពិសេស បន្ទាប់ពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដោយមានការចូលរួមនិងការណែនាំពីអ្នកជំនាញរបស់មជ្ឈមណ្ឌលខ្លាឃ្មុំផេនដា នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤ ខ្លាឃ្មុំផេនដា "យីងយីង" បានកើតកូនភ្លោះ ដែលបន្ទាប់ពីតាំងទីលំនៅនៅឧទ្យានសមុទ្រហុងកុងអស់រយៈពេល ១៧ ឆ្នាំ ដោយបានបង្កើតកំណត់ត្រាសម្រាប់ខ្លាឃ្មុំផេនដាវ័យចំណាស់បំផុតដែលបង្កើតកូនដោយជោគជ័យជាលើកដំបូង ហើយបានក្លាយជាសមិទ្ធផលដ៏សំខាន់នៃការសិក្សាស្រាវជ្រាវរួមគ្នារវាងភាគីទាំងពីរ និងសម្រេចបាននូវរបកគំហើញមួយទៀតនៅក្នុងការអភិរក្សនិងការសិក្សាស្រាវជ្រាវខ្លាឃ្មុំផេនដា ។
នៅពេលអនាគត មជ្ឈមណ្ឌលអភិរក្សនិងសិក្សាស្រាវជ្រាវខ្លាឃ្មុំផេនដាចិន និងឧទ្យានសមុទ្រហុងកុងនឹងធ្វើកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅលើវិស័យចិញ្ចឹម និងគ្រប់គ្រងខ្លាឃ្មុំផេនដា ការបង្កាត់ពូជសិប្បនិម្មិត ការការពារ និងព្យាលបាលជំងឺ និងផ្សព្វផ្សាយ និងការអប់រំវប្បធម៌ជាដើម ព្រមនិងពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរនិងការតភ្ជាប់រវាងដីគោកចិននិងហុងកុង ហើយរួមគ្នាជំរុញការរួមរស់ប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ ៕