នៅថ្ងៃទី ២៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងអំឡុងពេលអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិននឹងប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត ធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយភាគីរុស្ស៊ីដើម្បីធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីមានភាពកាន់តែសម្បូរបែបឥតឈប់ឈរនិងស្វែងរកផលប្រយោជន៍និងសុខមាលភាពកាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិននឹងគាំទ្រយ៉ាងពេញទំហឹងដល់ភាគីរុស្ស៊ីក្នុងការដើរតួនាទីជាប្រធានផ្លាស់វេននៃប្រទេស BRICS ដើម្បីធានាជាក់លាក់ឱ្យកិច្ចប្រជុំកំពូល Kazan ទទួលបានជោគជ័យដោយគាប់ប្រសើរ ។
ជាការឆ្លើយតប លោក Sergei Lavrov បានថ្លែងថា ភាគីរុស្ស៊ីរីករាយរួមសហការជាមួយភាគីចិនដើម្បីរួមគ្នាអបអរសាទរយ៉ាងឱឡារិកចំពោះខួបទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គ្រោងផែនការនិងធ្វើការរៀបចំចាត់ចែងឱ្យបានល្អនូវការប្រាស្រ័យទាក់ទងជាន់ខ្ពស់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទទួលបានការអភិវឌ្ឍកាន់តែធំ ។ ភាគីរុស្ស៊ីកំពុងត្រៀមលក្ខណៈយ៉ាងសកម្មចំពោះការរៀបចំកិច្ចប្រជុំកំពូល Kazan នៃប្រទេស BRICS ហើយរីករាយធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីចិននិងដៃគូ BRICS ផ្សេងទៀតដើម្បីជំរុញឱ្យកិច្ចប្រជុំកំពូលនេះទទួលបានលទ្ធផលជាផ្លែផ្កា ៕