ថ្ងៃទី២៥ខែកញ្ញា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ក្រសួងពាណិជ្ជកម្មអាមេរិកគ្រោងនឹងដាក់កំហិតលើការប្រើប្រាស់គ្រឿងទុននិងគ្រឿងបន្លាស់របស់រថយន្តដែលមានភ្ជាប់អ៊ីនធើណេត ព្រមនិងរថយន្តទាំងមូលរបស់ចិននៅសហរដ្ឋអាមេរិក ភាគីចិនសម្តែងការប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ។ ភាគីចិនសូមដាស់តឿនភាគីអាមេរិកឱ្យបញ្ឈប់ទង្វើខុសទំនងដែលបំផ្លើសពីនិយមន័យនៃសន្តិសុខជាតិ លុបចោលវិធានការដាក់កំហិតពាក់ព័ន្ធភ្លាមៗ ក៏ដូចជាបញ្ឈប់ការគាបសង្កត់ដោយគ្មានហេតុផលចំពោះសហគ្រាសចិន។
អ្នកនាំពាក្យរូបនេះបានថ្លែងថា ប៉ុន្មានឆ្នាំកន្លងទៅនេះ ភាគីអាមេរិកបានដំឡើងពន្ធគយខ្ពស់ចំពោះរថយន្តចិន ដាក់កំហិតលើលទ្ធកម្មសាធារណៈ និងដាក់ចេញគោលនយោបាយផ្តល់ឧបត្ថម្ភកធនដែលមានលក្ខណៈរើសអើង បច្ចុប្បន្ន ថែមទាំងបានមួលបង្កាច់ថា គ្រឿងទុននិងគ្រឿងបន្លាស់របស់រថយន្តដែលមានភ្ជាប់អ៊ីនធើណេត ព្រមនិងរថយន្តទាំងមូលរបស់ចិន"គ្មានសុវត្ថិភាព" ដោយយកអ្វីដែលហៅថា"សន្កិសុខជាតិ”ធ្វើជាលេស។ ទង្វើរបស់អាមេរិកគ្មានភស្តុតាងទាល់តែសោះដែលបានល្មើសនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងការប្រកួតប្រជែងដោយយុត្តិធម៌ រំខានយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការជាប្រក្រតីរវាងចិននិងអាមេរិកលើវិស័យរថយន្តដែលអាចភ្ជាប់អ៊ីនធើណេត ធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់នៃរថយន្តសកល ហើយក៏បានបំផ្លាញដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់អាមេរិកផងដែរ៕