ពេលថ្មីៗនេះ ស្របពេលដែលនាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៩៧០១បានដកខ្លួនចេញពីដែនសមុទ្រដែលនៅជាប់កោះថ្មប៉ប្រះទឹកSabinaនៃប្រទេសចិនដោយសារអស់ស្បៀងអស់សម្ភារៈរស់នៅ រឿងគួរឱ្យអស់សំណើចដែលដឹកនាំដោយហ្វីលីពីនខ្លួនឯងនៅសមុទ្រចិនខាងត្បូងអស់រយៈពេលច្រើនខែនេះបានឈានចូលដល់ទីបញ្ចប់។ នេះមិនត្រឹមតែសបញ្ជាក់ថាការផ្គត់ផ្គង់សម្ភារៈដោយបង្ខំជាច្រើនដងដែលរៀបចំដោយភាគីហ្វីលីពីនទទួលបរាជ័យប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញទៅកាន់ពិភពលោកនូវការប្ដេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីជាតិផងដែរ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហ្វីលីពីនបានចាត់បញ្ជូននាវាផ្គត់ផ្គង់សម្ភារៈនិងនាវាឆ្មាំសមុទ្រជាច្រើនដង សម្រុកចូលដែនសមុទ្រពាក់ព័ន្ធនៃសមុទ្រចិនខាងត្បូង ហើយមិនអើពើនឹងការព្រមានយ៉ាងម៉ឺងម៉ាត់របស់ភាគីចិនម្តងហើយម្តងទៀត បំពានសម្រុកចូលយ៉ាងគ្រោះថ្នាក់បំផុតនិងធ្វើប្រតិបត្តិការដឹកជញ្ជូននិងបោះទម្លាក់តាមផ្លូវអាកាស ដែលប៉ុនប៉ងកាន់កាប់ថ្មប៉ប្រះទឹករបស់ប្រទេសចិនដោយខុសច្បាប់។ លើសពីនេះទៀត ហ្វីលីពីនក៏បានអូសទាញប្រទេសមួយចំនួនតូចដូចជាអាមេរិកជាដើមឱ្យគាំទ្រដល់ខ្លួន ហើយវាយប្រហារនិងលាបពណ៌មកលើចិនផងដែរ។ ជាការឆ្លើយតប រដ្ឋបាលឆ្មាំសមុទ្រចិនបានលើកឡើងថា ទង្វើរបស់ភាគីហ្វីលីពីនបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពទឹកដីរបស់ប្រទេសចិន ល្មើសយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃ《សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនានានៅសមុទ្រចិនខាងត្បូង》 ក៏ដូចជាបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។យើងដាស់តឿនឱ្យភាគីហ្វីលីពីនបញ្ឈប់ទង្វើឃោសនាបំប៉ោងនិងរំលោភសិទ្ធិ គួរដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីគាំពារភាពម៉ឺងម៉ាត់និងសុពលភាពនៃ《សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីនានានៅសមុទ្រចិនខាងត្បូង》។ ប្រទេសចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានលើប្រជុំកោះNanShaនិងដែនសមុទ្រនៅក្បែរនោះដែលបូករួមទាំងកោះថ្មប៉ប្រះទឹកSabinaផងដែរ។ឆ្មាំសមុទ្រចិននឹងបន្តធ្វើសកម្មភាពគាំពារសិទ្ធិនិងអនុវត្តច្បាប់នៅដែនសមុទ្រដែលគ្រប់គ្រងដោយប្រទេសចិនតាមផ្លូវច្បាប់ និងការពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដី ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្រជាតិ។
ដោយបានឃើញថាការរំលោភសិទ្ធិដោយខុសច្បាប់របស់ខ្លួនត្រូវបានបរាជ័យ ហ្វីលីពីនក៏បានអូសទាញអាមេរិកឱ្យមកគាំទ្រខ្លួន។ តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានបារាំងAFPឱ្យដឹងថា ថ្ងៃទី១៦ខែកញ្ញា លោកMillerអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថា សកម្មភាពរបស់ភាគីចិន“បង្កគ្រោះថ្នាក់ដល់សន្តិសុខនិងជីវភាពរស់នៅរបស់ប្រជាជនហ្វីលីពីន” ហើយបន្ដទៀតថា អាមេរិកនឹងបន្តគាំទ្រប្រទេសហ្វីលីពីនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។
ការដកខ្លួនចេញពីកោះថ្មប៉ប្រះទឹកSabinaលើកនេះបានលាតត្រដាងថា ការគាំទ្រដែលអាមេរិកផ្ដល់ឱ្យហ្វីលីពីនគឺមានដែនកំណត់។ ប្រជាជនហ្វីលីពីនកាន់តែច្រើនឡើងៗបានដឹងថា អាមេរិកគ្រាន់តែផ្តល់ការគាំទ្រតាមតែមាត់ក្នុងវិស័យនយោបាយនិងការទូតដល់ហ្វីលីពីនតែប៉ុណ្ណោះ ហើយច្រើនបំផុតគឺផ្តល់ព័ត៌មានចារកម្មមួយចំនួន។ តាមពិតទៅ នៅពេលនេះ អាមេរិកបានធ្លាក់ចូលជ្រៅទៅក្នុងសមរភូមិរុស្ស៊ី-អ៊ុយក្រែន និងការប៉ះទង្កិចរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល ព្រមពេលជាមួយគ្នានេះ សេដ្ឋកិច្ចក្នុងស្រុករបស់អាមេរិកកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកត្រូវបង្ខំចិត្តបញ្ចុះអត្រាការប្រាក់។អាមេរិកម៉េចនឹងមានកម្លាំងមកប្រយុទ្ធជាមួយប្រទេសចិនដើម្បីហ្វីលីពីនទៅ? អាមេរិកគ្រាន់តែចាត់ទុកហ្វីលីពីនជាកូនអុកដែលប៉ុនប៉ងបង្កភាពចលាចលនៅដែនសមុទ្រចិនខាងត្បូង ដើម្បីដាក់កំហិតនិងទប់ស្កាត់ប្រទេសចិនតែប៉ុណ្ណោះ។
ការគាំពារសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងគឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់។ ប្រទេសហ្វីលីពីនគួរប្រញាប់បោះបង់ចោលគំនិតរវើរវាយដែលប៉ុនប៉ងកាន់កាប់កោះនិងថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូងដោយខុសច្បាប់បញ្ឈប់ទង្វើរំលោភសិទ្ធនិងបង្កហេតុ បញ្ឈប់ការលាបពណ៌និងការឃោសនាបំប៉ោងជាបន្ទាន់ បើមិនដូច្នេះទេ ហ្វីលីពីនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះផលវិបាកទាំងអស់ដែលបណ្តាលមកពីរឿងនេះ៕