ថ្ងៃទី២៦ខែកញ្ញា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំដើម្បីវិភាគនិងសិក្សាអំពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងរៀបចំចាត់ចែងការងារសេដ្ឋកិច្ចជំហានក្រោយ ក្រោមអធិបតិភាព លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
កិច្ចប្រជុំនេះបានសម្គាល់ឃើញថា ចាប់តាំងពីឆ្នាំនេះមក គណៈកម្មាធិការមជ្ឈិមបក្សដែលមានលោកXi Jinpingជាប្រមុខស្នូលបានរួបរួមនិងដឹកនាំប្រជាជនគ្រប់ជនជាតិនៅទូទាំងប្រទេសចិន ជម្នះការលំបាក បង្កើនកម្លាំងនៃការគ្រប់គ្រងម៉ាក្រូ និងផ្តោតលើការកែទម្រង់និងបើកចំហឱ្យកាន់តែស៊ីជម្រៅ ពង្រីកតម្រូវការក្នុងស្រុក និងកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ច ការដំណើរការនៃសេដ្ឋកិច្ចមានស្ថិរភាពនិងរីកចម្រើនជាទូទៅ កម្លាំងផលិតកម្មគុណភាពថ្មីបានអភិវឌ្ឍជាលំដាប់ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានវិវឌ្ឍរីកចម្រើនយ៉ាងរឹងមាំ ស្ថានការណ៍សង្គមជាទូទៅបានរក្សាស្ថិរភាពល្អ។
កិច្ចប្រជុំបានលើកឡើងថា លក្ខខណ្ឌមានអំណោយផលនៃសេដ្ឋកិច្ចប្រទេសចិន ដូចជាទីផ្សារធំទូលាយ សេដ្ឋកិច្ចមានភាពធន់និងសក្តានុពលយ៉ាងខ្លាំង គឺមិនបានកែប្រែទេ។យើងត្រូវតែក្តាប់ជាប់ចំណុចសំខាន់ៗ ផ្តួចផ្តើមគំនិតនិងខិតខំបំពេញភារកិច្ចជាគោលដៅស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ៕