នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អំពីបញ្ហាអ៊ុយក្រែននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។
លោក Wang Yi បានលើកឡើងថា គោលជំហររបស់ចិនក្នុងបញ្ហាអ៊ុយក្រែន គឺ ជាប់លាប់និងច្បាស់លាស់រហូតមក ។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងយ៉ាងម៉ឺងម៉ាត់ថា អធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់ប្រទេសនានាគួរតែត្រូវទទួលបានការគោរព កម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរតែត្រូវទទួលបានការគោរព បញ្ហាកង្វល់ផ្នែកសន្តិសុខដ៏សមហេតុផលរបស់ប្រទេសនានាគួរតែត្រូវទទួលការយកចិត្តទុកដាក់ ដោយឡែករាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលមានអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធីក៏គួរតែត្រូវទទួលបានការគាំទ្រ ។ នេះជាគោលជំហរដ៏មុតមាំនិងគោលការណ៍ជាមូលដ្ឋានរបស់ចិន ។ ជានិច្ចកាល ប្រទេសចិនតែងតែឈរនៅម្ខាងនៃសន្តិភាព ។ ចិនបានរក្សាការប្រាស្រ័យទាក់ទងជាមួយបណ្តាភាគីនានាដែលបូករួមទាំងរុស្ស៊ីនិងអ៊ុយក្រែនផងដែរដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការជំរុញការផ្សះផ្សានិងការចរចាដោយសន្តិវិធីដែលបានដើរតួនាទីរបស់ខ្លួនក្នុងការប្រមូលផ្តុំនូវគំនិតឯកភាពរួមរបស់បណ្តាភាគីនានានិងជំរុញការដោះស្រាយវិបត្តិអ៊ុយក្រែនតាមវិធីនយោបាយ ។
លោក Wang Yi បានសង្កត់ធ្ងន់ថា សហគមន៍អន្តរជាតិគួរតែប្រកៀកស្មាគ្នាដើម្បីអនុវត្តទស្សនៈសន្តិសុខដែលមានលក្ខណៈរួម ចម្រុះ សហប្រតិបត្តិការនិងនិរន្តរភាពដើម្បីប្រមូលផ្តុំនូវគំនិតឯកភាពរួមកាន់តែច្រើនរបស់អន្តរជាតិសម្រាប់ជំរុញការឈប់បាញ់គ្នានិងបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗ ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងរួមកាន់តែច្រើនដើម្បីសម្រេចបាននូវសន្តិភាពនិងស្ថិរភាពយូរអង្វែងក្នុងតំបន់ !