ពិព័រណ៍ចិន-អាស៊ានលើកទី ២១ នឹងប្រារព្ធឡើងនៅទីក្រុងណាននីង ភូមិភាគក្វាងស៊ី ប្រទេសចិន ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ។ គិតត្រឹមថ្ងៃទី ២១ ខែកញ្ញា ផលិតផលទាំងអស់របស់ប្រទេសអាស៊ានទាំង ១០ សម្រាប់តាំងបង្ហាញក្នុងពិព័រណ៍ចិន-អាស៊ានលើកទី២១បានដឹកទៅដល់មជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍អន្តរជាតិក្រុងណាននីង។
ដើម្បីធានាបាននូវការនាំចូលផលិតផលសម្រាប់តាំងបង្ហាញយ៉ាងរលូន ស្ថាប័នគយចិនបានដាក់ចេញនូវវិធានការចំនួន ១៥ មានដូចជា ការបង្កើតច្រកពិសេសសម្រាប់នាំចូលផលិតផលសម្រាប់តាំងបង្ហាញ និងធ្វើសាមញ្ញកម្មខាងការបំពេញទម្រង់បែបបទពាក់ព័ន្ធជាដើម ។
សូមបញ្ជាក់ថា តម្លៃទំនិញមកពីប្រទេសអាស៊ានទាំង១០សម្រាប់តាំងបង្ហាញក្នុងពិព័រណ៍ចិន-អាស៊ានលើកនេះ បានកើនឡើង ២,៣ ដង បើប្រៀបធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ទំនិញភាគច្រើនគឺជាអាហារពិសេសរបស់ប្រទេសអាស៊ាន ផលិតផលប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈសំណង់ជាដើម ។ នាពេលបច្ចុប្បន្ន ការងាររៀបចំពិព័រណ៍បានត្រៀមលក្ខណៈរួចជាស្រេច ៕