លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចូលគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរនៅក្រុងប៉េកាំងកាលពីថ្ងៃទី ២០ ខែកញ្ញា។
លោក Zhao Leji បានថ្លែងថា ប្រទេសចិននិងកម្ពុជាគឺជាមិត្តដែកថែបរួមសុខរួមទុក្ខជាមួយគ្នានិងជួយយកអាសាគ្នាទៅវិញទៅមក ។ លោកប្រធានរដ្ឋចិន Xi Jinping និងព្រះមហាក្សត្រនរោត្ដម សីហមុនី រួមគ្នាដឹកនាំឱ្យការកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជាឈានចូលយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់និងស្តង់ដាខ្ពស់។ ប្រទេសចិនរីករាយរួមជាមួយភាគីកម្ពុជា បន្តអនុវត្តឱ្យបានល្អនូវគំនិតឯកភាពរួមជាយុទ្ធសាស្រ្តរបស់មេដឹកនាំប្រទេសទាំងពីរ ធ្វើឱ្យសម្បូរបែបនូវខ្លឹមសារនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ជំរុញការកសាង “របៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “របៀងត្រីនិងអង្ករ” ក៏ដូចជាជំរុញឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
ព្រះមហាក្សត្រ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះខួប៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការកោតសរសើរខ្ពស់ចំពោះទស្សនៈនិងគំនិតដ៏សំខាន់ៗរបស់លោក Xi Jinping ប្រធានរដ្ឋចិន ដោយមានបន្ទូលថា ភាគីកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ រីករាយរួមជាមួយភាគីចិនដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ពួតដៃគ្នាកសាងសហគមន៍រួមវាសនារវាងកម្ពុជានិងចិន ក៏ដូចជាធ្វើឱ្យចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិនបន្តពីមួយជំនាន់ទៅមួយជំនាន់៕